និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកពីរាជធានីភ្នំពេញ-កំពត-តាកែវ បានចូលរួមរៀនសូត្រពីអំពីប្រពៃណីដាល់អំបុក របស់ដូនតាខ្មែរ ដែលប្រព្រឹត្តទៅនៅវត្តជុំគ្រៀល ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
និស្សិតអាហារូបករណ៍ អ.ម.ត បានស្វែងយល់ពីការជ្រើសរើសប្រភេទស្រូវ, ការហាល និងលីងស្រូវ, ការដាល់អំបុក, ការរែងយកចេញកម្ទេចសំបកស្រូវ និងអង្កាម ដើម្បីសម្រិតសម្រាំងយកតែអំបុកល្អ ។ការចូលរួមរៀនសូត្រពីអំពីប្រពៃណីដាល់អំបុកនេះ ដើម្បីជាការចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីពីដូនតាខ្មែរ ជាពិសេស ការផ្ទេចំណេះដឹង និងជំនាញនៃការធ្វើអំបុកពីមួយជំនាន់ទៅមួយជំនាន់ឱ្យបានឋិតថេរយូរអង្វែងតរៀងទៅ។
គួរបញ្ជាក់ថា អំបុក គឺជាអាហារដ៏មានសារៈសំខាន់មិនអាចខ្វះបាននៅក្នុងពិធី “សំពះព្រះខែ និងអកអំបុក” ដែលជាផ្នែកមួយដ៏សំខាន់នៃព្រះរាជពិធីបុណ្យ “អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក”។ ក្រៅពីបម្រើឱ្យការរៀបចំពិធីតាមបែបជំនឿសាសនា អំបុក ជាអាហារដ៏ឆ្ងាញ់ពិសា ហើយគេអាចយកទៅច្នៃធ្វើជាបង្អែម ឬម្ហូបបានយ៉ាងច្រើនប្រភេទថែមទៀតផង៕
អត្ថបទ៖ ពុទ្ធិកា