រដ្ឋាភិបាល នឹងប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែងប្រមាណ២៥០គីឡូម៉ែត្រ 

រាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកាដែលបានមកពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សាងសង់ផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ មានប្រវែងផ្លូវសរុបប្រមាណ ២៥០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តម បានបន្តថា ផ្លូវប្រមាណ២៥០ គីឡូម៉ែត្រ គឺនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២ គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ គីឡូម៉ែត្រ ។ ការកសាងនឹងប្រើរយៈពេលប្រមាណ ៣០ខែ ដោយគ្រោងបញ្ចប់ក្នុងអំឡុង ខែឧសភា ឆ្នាំ២០២៧ ។

បើតាមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ក៏បានបញ្ជាក់ដែរថា ផ្លូវក្រវាត់ព្រំដែនប្រវែងសរុប២៥០គីឡូម៉ែត្រនេះ  គឺប្រឈមនឹងការលំបាកជាច្រើន  ដោយភូមិសាស្ត្រទាំង២ខេត្តស្ថិតនៅក្នុងតំបន់ខ្ពង់រាប សំបូរទៅដោយភ្នំ ជ្រលងជ្រោះជ្រៅ ដោយត្រូវប្រើប្រាស់រំសេវដើម្បីបំផ្ទុះថ្មបើកផ្លូវផងដែរ ,កត្តាអាកាសធាតុ ,ជាតំបន់គ្រុនចាញ់ និងប្រឈមសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងសម័យសង្គ្រាមផងដែរ។

គួរបញ្ជាក់ថា “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» បានបិទបញ្ចប់កាលពីថ្ងៃទី៣១ ខែតុលា ។ ក្នុងនោះរយៈពេល៦៦ថ្ងៃ មានអ្នកចូលរួមបរិច្ចាគ ចំនួនជាង ៧០ម៉ឺន អង្គ/នាក់ និងទទួលបានថវិកាសរុបប្រមាណជិត ២៧លានដុល្លាអាមេរិក។

ដោយឡែក នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋាន គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ៕

អត្ថបទ៖ ពុទ្ធិកា