សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិសារអាហារពេលព្រឹកជាមួយមហាសេដ្ឋីកសិកម្ម ពិភាក្សាលើការផលិតជីធម្មជាតិលក់ឲ្យកសិករតម្លៃទាបជាងជីនាំចូល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយអ្នកឧកញ៉ាមហាសេដ្ឋីកសិកម្ម ម៉ុង ឬទ្ធី លើការផលិតជីធម្មជាតិលក់ឱ្យកសិករខ្មែរ ក្នុងតម្លៃទាបជាងជីដែលនាំចូលពីប្រទេសជិតខាង។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី សរសេរលើទំព័រហ្វេសប៊ុកឲ្យដឹងថា៖ “នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​ វេលាម៉ោង​៨ព្រឹក​ សម្តេចមហាបវរធិបតី​បានផ្តល់​កិត្តិយស​ដ៏​មហាខ្ពង់ខ្ពស់បំផុត ពិសារអាហារ​ពេលព្រឹក​ពិភាក្សា​លេី​វិស័យ​ផលិត​ជី​សរីរាង្គ​(ជីធម្មជាតិ)​ ដេីម្បី​លក់ចែកជូន​ប្រជាកសិករ​យេីង​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស​ និង​ជួយ​ជំរុញពង្រីក​វិស័យ​ទេសចរណ៍​ធម្មជាតិ​អោយ​កាន់តែ​ច្រើន​បន្ថែម​ទៀត។ ក្រោយ​ពីបានជួប​ពិភាក្សា​រយៈពេល​មួយ​ម៉ោង​ដប់ប្រាំនាទី​រួច​មក​ ខ្ញុំ​សូម​កោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​បំផុត​ ចំពោះ​សម្តេច​ធិបតី​ឈ្លាសវៃដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ទើរតែ​គ្រប់ពាក្យទាំងអស់​សម្តេច​គិតគូរ​តែពី​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន”។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ដែលសម្តេច​បាន​ផ្តល់​កិត្តិយសនា​ឱកាស​នេះ​និងសន្យាខិតខំ​ប្រឹងប្រែង​រកគ្រប់​មធ្យោបាយ​ ដេីម្បី​អនុវត្តអោយបានតាម​អនុសាសន៍​របស់​សម្តេច​ ដេីម្បី​បាន​ចូលរួម​ចំណែក​បម្រេីជាតិ​ប្រជាជន​ លេីវិស័យ​កសិកម្ម​ កសិ-ឧស្សាហកម្ម​ និង​ទេសចរណ៍​ធម្មជាតិ​នេះ៕