សម្តេចតេជោ ហ៊ុន សែន អរគុណគ្រប់តួអង្គពាក់ព័ន្ធពិសេសអ្នកលេងបណ្តាញសង្គម ដែលបានចូលរួមដោះស្រាយបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ពិសេសអ្នកលេងបណ្តាញសង្គម ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករឈ្មោះ ណន សុខហេង និងថៅកែស្រី។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ម៉ោង១១យប់ ថ្ងៃ៣១ តុលា ២០២៤ ចៅ ណន សុខហេង បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូន និងក្រុមគ្រួសារវិញ ក្រោមការរៀបចំរបស់លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ សូមអរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងនេះ ពិសេសអរគុណចំពោះបងប្អូនដែលលេងបណ្តាញសង្គម ជួយផ្តល់ដំណឹងដល់ខ្ញុំដែលធ្វើឲ្យរឿងនេះ ដោះស្រាយបានតិចជាង២០ម៉ោង។ ជូនពរចៅ ណន សុខហេង និងក្រុមគ្រួសារជួបតែសេចក្តីសុខ សេចក្តីចម្រើន»។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យយុវជន ណន សុខហេង អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចូលជួប ដើម្បីសម្របសម្រួលបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ។

សម្ដេចតេជោ ក៏បានឧបត្ថម្ភលុយឲ្យយុវជន ណន សុខហេង ១ម៉ឺនដុល្លារ និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយ នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ និងបានណែនាំចៅប្រុស ណន សុខហេង ត្រូវយកចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្ម ដែលសម្ដេចបានផ្ដល់អោយ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និងត្រូវស្មោះត្រង់ជាមួយប្រពន្ធ។

គួររំលឹកបន្តិចថា សំណុំរឿងមួយនេះ ទាំងស្ថាប័ននគរបាល និងតុលាការ ក៏ត្រូវបានមហាជនយកធ្វើជាប្រធានបទជជែកគ្នាពេញបណ្ដាញសង្គមផងដែរ។ រឿងរ៉ាវដែលត្រូវគេចែកចាយនេះ បានឲ្យដឹងថា ស្ដ្រីដើមបណ្ដឹង ជាថៅកែមិនបានបើកលុយថ្លៃធ្វើការជាអ្នកបើកបររថយន្ដ ចំនួន៦០ម៉ឺនរៀល ឲ្យបុរសចុងចម្លើយនោះទេ ដោយសន្យាថ្ងៃនេះថ្ងៃនោះជាបន្ដបន្ទាប់។ ដោយសារចិត្តខឹង បុរសជាចុងចម្លើយបានចាប់កូនឆ្កែចិញ្ចឹមមួយក្បាលរបស់ស្ដ្រីដើមបណ្ដឹង រួចយកទៅស្រុកនៅខេត្តក្រចេះ។

ពេលនោះភាគីទាំងពីរបានឈ្លោះទាស់ទែងគ្នា ហើយស្ដ្រីដើមបណ្ដឹង បានដាក់ពាក្យប្ដឹងទៅនគរបាលខណ្ឌសែនសុខ ហើយឈានដល់ការចាប់ខ្លួនបុរសខាងលើឈ្មោះ ណន សុខហេង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅខេត្តក្រចេះ រួចបញ្ជូនមករាជធានីភ្នំពេញ។

រំលងបានប៉ុន្មានថ្ងៃ ក្រោយទទួលព័ត៌មានថា បុរសខាងលើត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួននោះ រឿងរ៉ាវនេះបានផ្ទុះការវែកញែកគ្នានៅតាមបណ្ដាញសង្គមតែម្ដង។ រហូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ចៅក្រមស៉ើបសួរ ទិត ដាលីន បានចេញដីកាបង្គាប់ឲ្យដោះលែងបុរសខាងលើវិញ៕