រាជរដ្ឋាភិបាល បង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតា​មព្រំដែន

យោងសេចក្តីសម្រេចកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលសរសេរជាអក្សរកាត់ថា ក.គ.ម. ដឹកនាំដោយឯកឧត្តម គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន អមដោយអនុប្រធាន និងសមាជិក សមាជិកាចំនួន៨រូប។

ក្រុមការងារចំពោះកិច្ចនេះ  មានតួនាទីនិងភារកិច្ច ដូចជា ជាសេនាធិការជូននាយករដ្ឋមន្ត្រីលើការគ្រប់គ្រង និងចាត់ចែងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយ​​ផ្តោត​លើការកសាងផ្លូវក្រវាត់ព្រំដែន ,សិក្សា និងលើកយោបល់ ពាក់ព័ន្ធការកសាងផ្លូវក្រវាត់ព្រំដែន, រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីអនុវត្តការកសាងផ្លូវក្រវាត់ព្រំដែន ,តាមដាន ត្រួតពិនិត្យការអនុវត្ត និងវាយតម្លៃវឌ្ឍនភាពនៃកិច្ចដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ,សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការកសាងផ្លូវក្រវាត់ព្រំដែន, ធ្វើទំនាក់ទំនងជាមួយសាធារណជន ,រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍វឌ្ឍនភាពការងារជូននាយករដ្ឋមន្ត្រី និងអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ ក្រុមការងារចំពោះកិច្ចនេះ ក៏មានក្រុមការងារចំណុះចំនួន ៣ រួមមាន ក្រុមការងាររដ្ឋបាល និងហិរញ្ញវត្ថុ,ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងក្រុមការងារទំនាក់ទំនងសាធារណៈ។ ការតែងតាំង និងផ្លាស់ប្តូរសមាសភាព ក្រុមការងារចំណុះរបស់ក្រុមការងារចំពោះកិច្ច ត្រូវធ្វើឡើងតាមការសម្រេច របស់នាយករដ្ឋមន្ត្រី ដោយយោងតាមការស្នើសុំរបស់ប្រធានក្រុមការងារចំពោះកិច្ច។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ។

ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាក និង ទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លាអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក) ៕

អត្ថបទ៖ ពុទ្ធិកា