ព្រឹទ្ធសភាកម្ពុជា បាននិងកំពុងបន្តពង្រឹង និងពង្រីកវិស័យការទូតសភាយ៉ាងសកម្ម ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានដឹកនាំសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៣រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគត់គឺ ស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះ សម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។

ក្នុងសេចក្តីប្រកាសលទ្ធផលសម័យប្រជុំ បានឲ្យដឹងថា ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំណត់យកវិស័យការទូតសភា ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀត ក្នុងគោលបំណងចូលរួមការពារ និងលើកស្ទួយផលប្រយោជន៍ជាតិឱ្យកាន់តែប្រសើរឡើង។

នៅក្នុងស្មារតីពង្រឹងនិងពង្រីកទំនាក់ ទំនងទ្វេភាគី ក៏ដូចជាវិស័យការទូតសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធសភា បានទទួលជួបសវនាការ សម្ដែងការគួរសម និងពិភាក្សាការងារជាមួយនឹងភ្ញៀវជាតិ អន្តរជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការ ស្ថាប័ននានា និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន៥២លើក ហើយព្រឹទ្ធសភាក៏បាននឹងកំពុងបន្តពង្រឹងពង្រីកវិស័យការទូតសភាយ៉ាងសកម្ម ជាមួយនឹងសភានៃបណ្ដាប្រទេសនានា អង្គការអន្តរសភានានាក្នុងតំបន់ និងពិភពលោក ក៏ដូចជា ប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាក អន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងការលើកស្ទួយកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញ ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ និងពិធីផ្លូវការសំខាន់ៗ នៅសាធារណរដ្ឋកូរ៉ និងអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំវៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួម មហាសន្និបាតលើកទី៤៩ នៃសភាប្រើភាសាបារាំង នៅប្រទេសកាណាដា។ ទន្ទឹមគ្នានេះ សមាជិក សមាជិកាព្រឹទ្ធសភា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគីផងដែរ។

ក្នុងអំឡុងពេលបីខែ នៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី១ និងលើកទី២នេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋយើង។

ឆ្លៀតក្នុងឱកាសនេះ ព្រឹទ្ធសភាសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការ គាំទ្រដ៏ថ្លៃថ្លាពីស្ថាប័នរដ្ឋទាំងអស់នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងឱ្យគណៈកម្មការនានានៃព្រឹទ្ធសភា ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកាព្រឹទ្ធសភា ទាំងអស់ បានជួបសំណេះសំណាល ប្រាស្រ័យការងារ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាម ភូមិភាគនានាទូទាំងប្រទេស៕