តាមរយៈសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឲ្យ មាតាបិតា អ្នកអាណាព្យាបាលចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរ។
បន្ថែមលើនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ស្នើឲ្យ មាតាបិតា អ្នកអាណាព្យាបាល ជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេសចូលរួមអានសៀវភៅជាមួយកូន ដើម្បីហ្វឹកហាត់ទាំងនៅសាលារៀននិងនៅផ្ទះ និងចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់ គ្រូបង្រៀនតាមគ្រប់លទ្ធភាព។មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី២០២៤-២០២៥ នេះ ទាំងអស់គ្នា។
ជាមួយគ្នានេះ នៅក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏ណែនាំឲ្យសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។
ជាមួយគ្នានេះ សម្តេចក៏បានផ្តាំផ្ញើ ដល់សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ ត្រូវចងចាំជានិច្ចថា បើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ហើយជាថ្ងៃថ្មីរបស់សិស្សានុសិស្ស យុវជន យុវនារី ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ ផងដែរ៕
អត្ថបត៖ ពុទ្ធិកា