ដូចការគ្រោងទុក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀតនៅទូទាំងប្រទេស។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា មានបេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។
សូមជម្រាបថា ដំណើរការសំណេរនៃការប្រឡងបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី៧៤,៨៨២នាក់ មណ្ឌលប្រឡងសរុប២៣០មណ្ឌល ត្រូវជា៥,៥៣៣បន្ទប់។
ចំនួនបេក្ខជនអវត្តមានសរុប ២,៤០៦នាក់ ស្រី៩១៥នាក់ ត្រូវជា១,៧៦ភាគរយ នៃចំនួនបេក្ខជនសរុប ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១,៩៩០នាក់ ស្រី៧៣៨នាក់ ត្រូវជា ៨២.៧១ភាគរយ នៃបេក្ខជនអវត្តមានសរុប។
គ្រប់ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានដំណើរការដោយរលូន ក្រោមការបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមពាក្យថា «អ្នកចេះគឺជាប់»៕
អត្ថបទ៖ អក្ខរា