ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុងមីទ្ទិញខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលបានប្រារព្ធធ្វើឡើងនៅមុខព្រះបរមរាជវាំង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ក្នុងមីទ្ទិញខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលបានធ្វើឡើងនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ,សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ក្នុងព្រះរាជសុន្ទកថា ក្នុងអង្គមីទ្ទិញ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលអំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ឲ្យរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ ។ មហាសាមគ្គីជាតិទាំងមូលនេះ ជាមូលដ្ឋានធ្វើឱ្យស្ថានភាពសង្គមជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍលើវិស័យនានា ជាពិសេសវិស័យ សេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិ។
ព្រះអង្គ មានព្រះបន្ទូលបន្តថា សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលកម្ពុជាសម្រេចបាននាពេលនេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ការកែលម្អ អភិបាលកិច្ចដើម្បីលើកស្ទួយវិស័យសាធារណៈ និងសមធម៌សង្គម និងការលើកកម្ពស់កិច្ច សហប្រតិបត្តិការ ដើម្បីបម្រើសំណូមពរនៃការអភិវឌ្ឍជាតិ ។
គួរបញ្ជាក់ថា ឆ្នាំ២០២៤ នេះ ជាខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះព្រះរាជពិធីបុណ្យខួបនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះអង្គ មានរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ក្នុងទម្រង់ជាមហោឡារិក ជាងរាល់ឆ្នាំតាមប្រពៃណីទំនៀមទម្លាប់ជាតិ និងប្រពៃណីសាសនា។
អត្ថបទ៖ ពុទ្ធិកា