កម្ពុជា-ឥណ្ឌា នឹងរៀបចំ​វេទិកា​ទេសចរណ៍ ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​​និងជំរុញ​លំហូរទេ​សចរ

ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងសហការគ្នារៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សក្តានុពលនៃទីផ្សារ ទេសចរណ៍​ឥណ្ឌា សម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ”។ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា នឹង ប្រព្រឹត្តិទៅនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

បើតាមក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌា, ជំរុញលំហូរទេសចរ និងទាក់ទាញវិនិយោ គិនឥណ្ឌា មកវិនិយោគ លើវិស័យទេសចរណ៍កម្ពុជា និងដើម្បីចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» និង «ទស្សនាសៀមរាប ឆ្នាំ២០២៤» ។

ទន្ទឹមនឹងនេះ វេទិកានេះ ក៏នឹងផ្តល់ឱកាសឱ្យអ្នកជំនាញទេសចរណ៍ វិស័យឯកជន ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ បានជួបជុំពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងរិះរកយុទ្ធសាស្ត្រ ក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងភាពទទួលខុសត្រូវ ពិសេសផ្តល់ឱកាសសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរបានជួបជុំគ្នា និងពង្រឹងបណ្តាញទំនាក់ទំនងទៅវិញទៅមក៕

អត្ថបទ​៖ ពុទ្ធិកា