ព្រះរាជពិធីសាសនា ក្នុងឱកាស​ខួប​២០​ព្រះ​វស្សា​នៃកា​​រគ្រងព្រះ​​បរមសិរី​រាជ​សម្បត្តិ ​បានប្រារព្ធ​ឡើងនៅ​ព្រះបរមរាជវាំង

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ទ្រង់សព្វព្រះរាជហឫទ័យ រៀបចំព្រះរាជពិធីសាសនា ក្នុងឱកាសគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។

ព្រះរាជពិធីដែលបានរៀបចំនៅក្នុងព្រះមរបរាជវាំងនេះ ក៏មានការយាង និងអញ្ជើញចូលរួមពី ព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ស្អែកនេះ គឺជាគម្រប់ខួប២០ព្រះវស្សា នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​​ម​​ហា​ក្សត្រនៃកម្ពុជា។ ព្រះអង្គ ត្រូវបានក្រុម​ប្រឹក្សា​រាជសម្បត្តិ ដែលមានសមាសភាព៩អង្គ/នាក់ ជ្រើសតាំងជាព្រះមហាក្សត្រ បន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយ​ហេតុផលព្រះរាជសុខភាព។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរម សិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រយៈពេលបីថ្ងៃ គឺថ្ងៃទី ២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង និងសួនចន្ទឆាយ៉ា ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅថ្ងៃទី២៩ តុលា នឹងការរៀបចំព្រះរាជពិធីថ្វាយព្រះពរ នៅព្រះបរមរាជវាំង និងនៅថ្ងៃទី៣០ ខែតុលា នឹងរៀបចំព្រះរាជពិធីមិទ្ទិញមហាជន នៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

អត្ថបទ៖ ពុទ្ធិកា