រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់មន្ត្រីនគរបាល កុំបណ្តែតបណ្តោយខ្លួនឲ្យដុសក្បាលពោះធំ

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី​២៦​ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីនគរ​បាលត្រូវពិនិត្យតាមដានចំពោះកាយសម្បទា ក៏ដូចជាសុខភាពរបស់កងកម្លាំង ដោយមិនត្រូវបណ្តែតបណ្តោយអោយ​មន្ត្រីនគរបាល មានក្បាលពោះធំ ឬក៏ធាត់ខ្លាំងនោះឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព​ នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលនឹងអញ្ជើញ​មកលេងកម្សាន្តនៅខេត្តសៀមរាប ប្រមុខក្រសួងមហាផ្ទៃ ក៏បានបន្តណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងនគរបាល ត្រូវតែបន្តយកចិត្តទុកដាក់លើការងារមួយចំនួនទៀត ក្នុងនោះ រួមមាន៖ ការយកចិត្តទុកដាក់ចំពោះអាជីវករ ក៏ដូចជាម្ចាស់ទីតាំងសេវាកម្សាន្តនានា ដែលឆ្លៀតឱកាសដំឡើងថ្លៃលើម្ហូបអាហារ ក៏ដូចជាទីតាំងរបស់ខ្លួន ខុសពីប្រក្រតីនាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិ ដែលធ្វើដំណើរមកលេងកម្សាន្តនៅខេត្តសៀមរាប, ជាមួយគ្នានោះ ត្រូវបង្កើនការត្រួតពិនិត្យតាមទីតាំងដែលជាគោលដៅ នៃការប្រើប្រាស់គ្រឿងញៀននៅតាមក្លិប កម្សាន្ត ឬខារ៉ាអូខេជាដើម, ជំរុញការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕