នៅទីបំផុត នាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ត្រូវបានអនុវត្តទណ្ឌកម្មវិន័យធ្វើការស្តីបន្ទោស និងកិច្ចសន្យាទទួលកំហុស និងមិនអនុញ្ញាតិឱ្យបំពេញតួនាទី ភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់។
សេចក្តីប្រកាសព័ត៌មានថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ពីវិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលចូលរួមសហការជាមួយនគរបាលចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដែលជាក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមការស្នើសុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅលើដងផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ដូចខាងក្រោម៖
១-ធ្វើការស្តីបន្ទោស និងកិច្ចសន្យាទទួលកំហុសការប៉ះពាល់ដល់សីលធម៌កងទ័ព កិរិយាមារយាទ ដូចមានចែងក្នុងបទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ។ ២-ធ្វើការត្រួតពិនិត្យ បញ្ជូនទៅអប់រំ និងមិនអនុញ្ញាតិឱ្យយោធិននៃកងរាជអាវុធហត្ថរូបនេះ បំពេញតួនាទី ភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថបានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូមួយ តាមបណ្តាញព័ត៌មានសង្គម។ បុគ្គលរូបនេះ ជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្តាល។
ឧត្តមសេនីយ៍ត្រី អេង ហុី បានបញ្ជាក់ថា នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។
លោក អេង ហ៊ី លើកឡើងថា អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិត្រូវតែការពារ, ចំពោះប្រជាត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប” នឹងចាត់តាំងធ្វើអធិការកិច្ច ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់៕