ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា ក្រសួងបានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។
ឯកឧត្តម បានបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់។
ជាលទ្ធផល បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់ នូវសុក្រឹតភាព ភាពត្រឹមត្រូវនៃគ្រប់ដំណើរការ នៃការរៀបចំការប្រឡងប្រជែងនីមួយៗ។ ទន្ទឹមនេះ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់បានលើកឡើងផងដែរថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។
សារជាថ្មីម្តងទៀត ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ហើយសូមបន្តជឿជាក់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ស្របតាមអភិក្រមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕