នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី២៥ តុលា ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយឱ្យបានល្អប្រសើរ ក្នុងបុណ្យជាតិសំខាន់ៗចំនួន៣ ដែលនឹងប្រារព្ធឡើងនៅចុងខែតុលា និងក្នុងខែវិច្ឆិកា ខាងមុខនេះ។
បុណ្យជាតិសំខាន់ៗទាំង៣ រួមមានព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយសម្រាប់បុណ្យជាតិទាំង៣នេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក៏ដូចជា ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ឱ្យបានទូលំទូលាយ។
គួរបញ្ជាក់ថា កម្ពុជា នឹងប្រារព្ធព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៩ តុលា ,ពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី ០៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី ១៤-១៥-១៦ វិច្ឆិកា ៕
អត្ថបទ៖ ពុទ្ធិកា