រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រគម្រោងថតភាពយន្តឯកសារស្តីពីសក្តា​នុពល​សំខាន់ៗ​នៅ​កម្ពុជា របស់​វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិរបស់ចិន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគាំទ្រគម្រោងរបស់វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន ក្នុងការថតភាពយន្តឯកសារស្តីពីសក្តានុពលសំខាន់ៗ ដែលប្រទេសកម្ពុជាមាននាពេលបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយបង្ហាញទៅកាន់ពិភពលោកបានស្គាល់កាន់តែច្បាស់បន្ថែមទៀតពីអ្វីដែលជាការពិតនៅកម្ពុជា។

ការគាំទ្របែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជួបជាមួយលោកស្រី Diana Pang ប្រធានវិទ្យាស្ថានយុទ្ធ​សាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានគោរពស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។

តាមរយៈគម្រោងនេះដែរ វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេសចិន ក៏ត្រៀមថតខ្សែភាពយន្តមួយមានចំណងជើង “ក្តីស្រលាញ់នៅក្នុងទឹកដីនៃប្រទេសកម្ពុជា“ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើន និងសក្តានុពលវិស័យសេដ្ឋកិច្ចដែលប្រទេសកម្ពុជាមាន និងថតសម្ភាសន៍អ្នកជំនួញចិន ដែលទទួលបានជោគជ័យក្នុងការមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា ។

លោកស្រី Diana Pang បានជម្រាបជូនពីបទពិសោធន៍ និងកិច្ចការងារជាច្រើន ដែលវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិនបានអនុវត្តន៍ និងសម្រេចបាន ពិសេសបានផលិតជាឯកសារភាពយន្តសំខាន់ៗជាច្រើននៅក្នុងប្រទេសចិន ហើយផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ច្បាស់ពីប្រទេសចិន ។

លោកស្រី បន្ដថា ក្នុងឱកាសនេះ វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន មានបំណងសហការជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំថតខ្សែភាពយន្តឯកសារ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានអវិជ្ជមាននៅកម្ពុជា ដែលកន្លងមកត្រូវបានបង្ខូចកេរ្តិ៍ឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានសម្ដែងនូវការស្វាគមន៍ គាំទ្រ និងផ្តល់កិច្ចសហការជាមួយ វិទ្យាស្ថានយុទ្ធសាស្ត្រ សេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន ក្នុងការចង់មកថតជាភាពយន្តឯកសារស្តីពីស្ថានភាពពិតនៅក្នុងប្រទេស កម្ពុជា ពិសេសចង់បង្ហាញពីអ្វីដែលមានភាពជាក់ស្តែង ទាំងសក្តានុពលទេសចរណ៍ប្រពៃណី ទេសចរណ៍ធម្មជាតិ រួមទាំងសក្តានុពលនៃវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្ដមបានបញ្ជាក់ថា តាមរយៈការថតជាខ្សែភាពយន្តសារដ៏មានសារៈសំខាន់នេះ គឺដើម្បីផ្សព្វផ្សាយបង្ហាញទៅកាន់ពិភពលោកបានដឹង បានឃើញការពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា នេះក៏ជាការកសាងនូវជំនឿទុកចិត្តដ៏សំខាន់ណាស់សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេស ជឿជាក់មកលើការដឹកនាំ និងដំណើរការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន មានសុខសន្តិភាពរឹងមាំល្អ ផ្តល់បរិយាកាសល្អដល់អ្នកវិនិយោគទុន និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរបរទេស មកទស្សនាលេងកម្សាន្តដោយក្តីសប្បាយរីករាយ ៕