នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ គឺជាខួប ៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២៤)។ ៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
បន្ទាប់មកក៏មាន កិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនាំកម្ពុជា កសាងបាននូវសង្គមប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ហើយបង្កើតបានជារដ្ឋធម្មនុញ្ញ និង ជាពិសេសបានយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលមកកាន់មាតុកម្ពុជាវិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញមកដល់សព្វថ្ងៃ ។ ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះដែរ ដែលបានផ្តល់ឱកាសឲ្យកម្ពុជា វិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ៕