លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងជាក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ បានប្រាប់អ្នកកាសែតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះថា តាមការសិក្សាស្រាវជ្រាវរបស់លោក កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ ដែលមានបណ្តាប្រទេស១៩ចូលរួមដឹងឮនោះ ពុំបានបញ្ចប់សង្រ្គាមនៅកម្ពុជាទេ ដោយគ្រាន់តែបានបង្កើតនូវយន្តការ៣ ក្នុងពេលតែមួយ នៃដំណាក់កាលអន្តរកាល គឺ
១.រដ្ឋកម្ពុជា
២.ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC )និង
៣.អ៊ុនតាក់
លោក ពៅ សុខ ពន្យល់ថា វីរបុរសបញ្ចប់សង្រ្គាមនៅកម្ពុជាពិតប្រាកដ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាកម្ពុជា និងប្ចុចប្បន្នសម្តេចជាប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ ដែលសម្តេចបិតាសន្តិភាពរូបនេះបានចំណាយពេល៤ឆ្នាំ (១៩៨៧-១៩៩១) ដើម្បីចរចា ទាំងជាមួយអតីតព្រះករុណា ព្រះបរមរតនកោដ្ឋ ទាំងជាមួយលោក សឺន សាន លោកខៀវ សំផន និងព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិ ទម្រាំឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១ ហើយសម្តេចបានចំណាយពេល៧ឆ្នាំបន្ថែមទៀត (១៩៩១-១៩៩៨) ដើម្បីបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជាគឺថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨។ សរុបមក សម្តេចតេជោ ហ៊ុន សែន បានចំណាយពេល១១ឆ្នាំ ដើម្បីបញ្ចប់ សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា បន្ទាប់ពីផ្តួលរំលំរបបប្រល័យពូជសាសន៍នៅខែមករាឆ្នាំ១៩៧៩។
លោក ពៅ សុខ បញ្ជាក់ថា ដើម្បីធ្វើជាសាក្សី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្រៅពី ស្នើឱ្យប្រទេសអាស៊ានទាំង៦ ចូលរួម សម្តេច ហ៊ុន សែន ក៏បានស្នើផងដែរឱ្យមានប្រទេស៦ផ្សេងទៀតចូលរួមដឹងលឺ ក្នុងនោះមាន
១.ប្រទេសមិនចូលបក្សសម្ព័ន្ធចនួន២
២.ប្រទេសង្គមនិយមចំនួន២
៣.ប្រទសមូលធននិយមចំនួន២ និង
ប្រទេសមហាអំណាចទាំង៥ រួមទាំងប្រទេសឡាវ និងវៀតណាម។
កិច្ចព្រមព្រៀងប៉ារីស ពុំមាននិយាយពីការ ត្រូវកោះប្រជុំ ឬសើរសើអង្គសន្និសីទនេះឡើងវិញទេ ហើយតាមគោលការណ៍ច្បាប់ អ្វីដែលគ្មានចែង គឺគ្មានគេសិទ្ធិទាមទារ ឬតវ៉ាឡើងវិញឡើយ។
លោក ពៅ សុខ លើកឡើងថា ដូចករណីលោក ខៀវ សំផន និងលោក សឺន សាន ដែលនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC ) នៅភ្នំពេញ មុនការបោះឆ្នោតឆ្នាំ១៩៩៣ បានទាមទារឱ្យអ៊ុនតាក់ប្រើប្រាស់អំណាច ក្នុងការលុបបំបាត់ចោលការចាយប្រាក់រៀលខ្មែរ ហើយបែរទៅចាយលុយដុល្លារទាំងស្រុងជំនួសវិញ។ ការទាមទារនេះ ត្រូវបានជំទាស់ ដោយសម្តេច ហ៊ុន សែន និងក៏ត្រូវបានលោក យ៉ាស៊ូស៊ី អាកាស៊ី ប្រធានអ៊ុនតាក់ ច្រានចោល ហើយស្តីបន្ទោសខ្លាំងៗថា សំណើទាំងនេះគ្មានចែងនៅក្នុងជំពូក ឬផ្នែកណាមួយ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ ការតព្វកិច្ចរបស់អ៊ុនតាក់ គឺរៀបចំការបោះឆ្នោត មិនមានពាក់ព័ន្ធផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចឡើយ។ ករណីនេះ គឺដូចគ្នា ទៅនឹងជនវង្វេងប្រវត្តិសាស្រ្ត ឬហៅថាជនបំពុលសង្គមមួយចំនួន ដែលមិនបានយល់ដឹងអ្វីសោះអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយតែងទាមទារកោះប្រជុំ ឬអនុវត្តន៍កិច្ចព្រមព្រៀងប៉ារីសឡើងវិញបែបនេះ ឬបែបនោះ ទាំងងឹតងងល់ ដើម្បីកេងចំណេញនយោបាយរបស់ពួកគេ។
សូមរម្លឹកថា រដ្ឋកម្ពុជាជាយន្តការមួយ នៃរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី មានតួនាទីសម្រាប់ការពារ ទប់ស្កាត់ការវិលត្រលប់មកវិញ នៃរបបខ្មែរក្រហម និងការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម កសាងវិស័យសេដ្ឋកិច្ច និងការពាណិជ្កម្មជាដើម។ រដ្ឋាភិបាលរដ្ឋកម្ពុជា មិនមានសិទ្ធិអំណាច ឬឥទ្ធិពល លើក្រុមប្រឹក្សាជាតិជាន់ខ្ពស់ និងអ៊ុនតាក់ទេ។ ចំណែកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC ) ដែលមានព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន គឺជាយន្តការមួយទៀត សម្រាប់ដោះស្រាយ នូវរាល់វិវាទផ្នែករដ្ឋបាល ឬការតវ៉ារវាងផ្សេងៗពីបណ្តាភាគីខ្មែរទាំង៤ លើការកិច្ចការពាក់ព័ន្ធនឹងការបោះឆ្នោត ឬកិច្ចការផ្សេងទៀត។ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ក៏មានភារកិច្ចស្វែងរកជំនួបឲយសម្រាប់ការបោះឆ្នោត សម្រាប់ជួយសង្រ្គោះប្រជាជន ពេលជួបគ្រោះមហន្តរាយផ្សេងៗដែរ តែពុំមានសិទ្ធិ ឬមានអំណាចគ្របដណ្តប់លើរដ្ឋាភិបាលរដ្ឋកម្ពុជា ឬអ៊ុនតាក់ឡើយ។ ដោយឡែកអ៊ុនតាក់ គឺជាយន្តការមួយផ្សេងទៀត មានតួនាទីសម្រាប់កាពារសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំបោះឆ្នោតដោយសេរី។ ដូចគ្នាដែរ អ៊ុនតាក់មានសិទ្ធិអំណាចគ្របដណ្តប់លើរដ្ឋាភិបាលរដ្ឋកម្ពុជា និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ ប៉ុន្តែ មានភារកិច្ចចូលរួមដោះស្រាយ នៅពេលក្រុមប្រឹក្សាជាតិជាន់ខ្ពស់មានការចាំបាច់ត្រូវកោះប្រជុំ។
លោក ពៅ សុខ បានកត់សម្គាល់ថា ករណីខ្លះអ៊ុនតាក់ហាក់លម្អៀងទៅរកភាគីខ្មែរក្រហម ដូចជាករណីការសម្លាប់រង្គាលដោយទាហានខ្មែរក្រហម ទៅលើប្រជាជនខ្មែរ និងអាណិកជនវៀតណាមនៅឃុំចុងឃ្នាស ខេត្តសៀមរាប នៅស្រុកវាលរេញ ខេត្តកំពត។ ការបាញ់ឧទ្ធម្ភាគចក្រអ៊ុនតាក់នៅបាត់ដំបង ការបាញ់រថយន្តអ៊ុនតាក់នៅកំពង់ធំ មិនត្រូវបានអ៊ុនតាក់ដោះស្រាយទេ ដោយអ៊ុនតាក់គ្រាន់តែបង្ហាញពីការសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងតែប៉ុណ្ណោះ។ ប៉ុន្តែ លោក ពៅ សុខ ទទួលស្គាល់ថា វត្តមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងអ៊ុនតាក់នៅកម្ពុជា មិនមែនសុទ្ធតែអវិជ្ជមាននោះទេ គឺមានចំណុចល្អប្រសើរច្រើន ឬយ៉ាងហោចក៏បានបង្រួបបង្រួមភាគីខ្មែរទាំង៤ ឱ្យចូលរួមទទួលស្គាល់ការពិត និងរៀបចំការបោះឆ្នោតនៅកម្ពុជា ជាលើកដំបូងបន្ទាប់ពីបែកបាក់មិនអាចនិយាយគ្នាបានជាង១០ឆ្នាំរួចមក។