ក្រសួងធនធានទឹក និងឧតុនិយម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាកិច្ចសហប្រតិបត្ដិការលើការអភិវឌ្ឍនធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានចុះហត្ថលេខាដោយឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តំណាងក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
អនុស្សរណៈដែលមានសុពលភាពរយៈពេល៥ឆ្នាំនេះ មានគោលបំណងបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម តាមរយៈការបណ្ដុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ ព្រមទាំងចូលរួមអនុវត្តគម្រោង និងសកម្មភាពរួមគ្នាដែលនឹងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យនេះ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានគូសបញ្ជាក់ថា វិស័យធនធានទឹក និងឧតុនិយម បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តនូវអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្នុងបរិបទបច្ចុប្បន្ន វិស័យធនធានទឹក និងឧតុនិយម បាននិងកំពុងបម្រើយ៉ាងសកម្មដល់វិស័យកសិកម្ម និងវិស័យដែលពាក់ព័ន្ធដទៃទៀតមានជាអាទិ៍ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កិច្ចគាំពារបរិស្ថាន ការដឹកជញ្ជូន រ៉ែនិងថាមពល អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ ។ល។ ហើយដែលទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការ និងគាំទ្រ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ក្រសួង-ស្ថាប័នទាំងពីរនឹងបង្កើនការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ លើការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ និងជំរុញអ្នកជំនាញជំនាន់ថ្មីកាន់តែច្រើន។
សម្រាប់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិញ ក៏បានលើកឡើងដែរថា ជាមួយនឹងធនធានមនុស្ស មន្ទីរពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដែលវិទ្យាស្ថានមាន ឯកឧត្តមមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា កិច្ចសហការនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចេរភាពធនធានមនុស្ស ក្នុងវិស័យធនធានទឹក និងឧតុនិយម នៅកម្ពុជា៕
អត្ថបទ៖ ពុទ្ធិកា