កម្ពុជា រៀបចំទម្រង់ជាមហោឡារិកជាងរាល់ឆ្នាំ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ

ឆ្នាំ២០២៤ នេះ ជាខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។ រាជរដ្ឋាភិបាល នៃព្រះរាជាណា​ចក្រ​កម្ពុជា រួមជាមួយសម្ដេចថ្នាក់ដឹកនាំកំពូលជាតិ ព្រះរាជវង្សានុវង្ស សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមប្រឹក្សានៃអង្គចៅក្រម តុលាការ នាយទាហាន នាយនគរបាល មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រទូទាំងប្រទេស នឹងប្រារព្វ ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានរយៈពេល៣ (បី)ថ្ងៃ គឺថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ ក្នុងទម្រង់ជាមហោឡារិក ជាងរាល់ឆ្នាំ តាមប្រពៃណីទំនៀមទម្លាប់ជាតិ និងប្រពៃណីសាសនា។

យោងតាមផែនការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹថា ចំពោះកិច្ចការងារសំខាន់ៗក្នុងរយៈពេល ៣ ថ្ងៃនេះ សម្រាប់ថ្ងៃទី១ មានការរៀបចំព្រះរាជពិធីសាសនាទៅតាមព្រះរាជប្បវេណី នៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី២ មានរៀបចំព្រះរាជពិធីថ្វាយព្រះពរនៅក្នុងព្រះបរមរាជវាំង ដោយឡែកនៅថ្ងៃទី៣ មានរៀបចំមិទ្ទីញមហាជន នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ក្នុងរយៈពេលបីថ្ងៃនេះក៏មានការអុជកាំជ្រួច ដើម្បីអបអរសាទរក្នុងព្រះរាជពិធីឲ្យកាន់តែមហោឡារិក និងអធិកអធមថែមទៀត។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដោយបានលើកយកការងារចំពោះមុខ ដែលគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរួមសហការគ្នា ដើម្បីរៀបចំឱ្យបានសមស្របទាំងរូបភាពចាត់តាំង និងខ្លឹមសារនៃការរៀបចំមិទ្ទីញមហាជន នៅមុខព្រះបរមរាជវាំង តាមគោលការណ៍កំណត់ សំដៅធ្វើយ៉ាងណាឲ្យព្រះរាជពិធីប្រព្រឹត្តទៅស្របតាមព្រះរាជប្បវេណីដ៏ថ្កើងថ្កានបំផុត៕

អត្ថបទ៖ អក្ខរា