ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានឲ្យដឹងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ។
សេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ ខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន ២៦,៣៣២,៨៨៣.០០ដុល្លារ (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។
ខុទ្ទកាល័យបន្តថា វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវ យកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
សេចក្តីប្រកាសព័ត៌មានដដែល សម្រាប់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូម បន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់នៅ មុនថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ៕