តបតាមការអញ្ជើញរបស់ ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរពីរាជធានីភ្នំពេញ តាមយន្តហោះពិសេស ទៅកាន់រដ្ឋធានីហ្សាការតា ដើម្បីចូលរួមពិធីចូលកាន់តំណែងរបស់ ឯកឧត្តម ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto ជាប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ។
ពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី និងអនុប្រធានាធិបតីថ្មី របស់ឥណ្ឌូណេស៊ី នឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា ។
អញ្ជីញអមដំណើរសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក្នុងឱកាសនេះរួមមាន៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស, លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមនឹង ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។
ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដំណើរអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីចូលកាន់តំណែងនេះ នឹងបង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ក្រៅពីចូលរួមកម្មវិធីខាងលើ សម្តេចបវរធិបតី ក៏នឹងទទួលជួបពិភាក្សាការងារជាមួយនឹងឥស្សរជនបរទេសមួយចំនួនផងដែរ។
តាមការគ្រោងទុកសម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤៕
អត្ថបទ៖ ពុទ្ធិកា