សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប លោកជំទាវឯកអគ្គរដ្ឋទូតបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។ លោកជំទាវឯកអគ្គរដ្ឋទូតគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងគុយបា និងកម្ពុជា ដែលរួមមាន៖ វិស័យអប់រំ, សុខាភិបាល, កសិកម្ម, និងកីឡា។ លោកជំទាវអគ្គរដ្ឋទូតបានប្តេជ្ញាខិតខំជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចបវរធិបតីបានថ្លែងអំណរគុណសាធារណរដ្ឋគុយបាដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជានាពេលកន្លងមក រួមទាំងក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ២០២៣។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសេីររវាងប្រទេសទាំងពីរនិងបានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនធ្វើការជាមួយលោកជំទាវឯកអគ្គរដ្ឋទូត និងលើកទឹកចិត្តលោកជំទាវ ឱ្យបន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដេីម្បីបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលថ្មីៗបន្ថែមទៀតផងដែរ។
សម្តេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្តូរយោបល់លើប្រធានបទអន្តរជាតិមួយចំនួនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕