ដូចការគ្រោងទុកគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាគម្រោងមានសារសំខាន់ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម ជាពិសេសលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធបើកប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត នាព្រឹកថ្ងៃទី២១ ខែមេសានេះ បានអះអាងថា «ជាមោទកភាពជាតិយើងដែលមានផ្លូវល្បឿនលឿនទី១ ហើយឥឡូវមានទី២ទៀត ដោយសារអ្នកវិនិយោគហ្នឹងគេទុកចិត្តលើរាជរដ្ឋាភិបាលក្រោមការដឹកនាំឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន គេយកលុយគេ១៤០០លាន យកលុយដុំដាក់វិនិយោគយកលុយរាយវិញ គេទុកចិត្តយើងណាស់ បើប្រទេសយើងគ្មានសុខសន្តិភាព គ្មានស្ថេរភាពនយោបាយ គេអត់យកលុយ ១៤០០លានដុល្លារមកដាក់នៅកម្ពុជាទេកុំឆ្ងល់» ។
បើតាមក្រសួងសាធារណការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន China Railway International Group Co., Ltd. តំណាងក្រុមហ៊ុន Royal Group ធ្វើការសាងសង់ មានប្រវែងសរុបប្រមាណជា១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ។
ជាមួយគ្នានោះ គម្រោងនេះ រួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ៥គ.ម គ្រោងនឹងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ។ តាមរយៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅកាន់ព្រំដែនវៀតណាមនេះដែរ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បង្ហាញក្ដីរំពឹងថា ផ្លូវល្បឿនលឿនទី២នេះនឹងក្លាយជាកត្តាជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាពិសេសធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងកម្ពុជា និងវៀតណាមតាមរយៈការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការឆ្លងកាត់ព្រំដែនថែមទៀត ៕