តបតាមការអញ្ជើញរបស់ ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ ឯកឧត្តម ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto ជាប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថាអញ្ជើញចូលរួមអមដំណើរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីនេះ រួមមាន ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជនមួយចំនួនទៀត។
ការអញ្ជើញចូលរួមរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីចូលកាន់តំណែងនេះនឹង បង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ ពុទ្ធិកា