ពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) បានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Weng Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក Liu Minglin អគ្គនាយកក្រុមហ៊ុនវិនិយោគខេត្តយុនណាន Yunnan Investment Group) និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីតំណាង ក្រសួង-ស្ថាប័ន ក្រុមហ៊ុន អាជ្ញាធរដែនដី គណៈកម្មាធិការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៥០០នាក់។
របាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បច្ចុប្បន្នមាន៖
- សមត្ថភាពអាចទទួលបាន យន្តហោះរហូតដល់កូដអី (Code E: A-340-300, A350-900 and B777-200/300ER, B747-300/400..) មានចំណតយន្ដហោះចំនួន៣៨
- សមត្ថភាពអាចទទួលបាន អ្នកដំណើរប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ៧លាននាក់/ឆ្នាំ និងរយៈពេលវែង២០លាននាក់/ឆ្នាំ
- សមត្ថភាពអាចទទួលបាន ទំនិញប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ១០,០០០តោន/ឆ្នាំ និងរយៈពេលវែង ៦០,០០០តោន/ឆ្នាំ
- មន្ត្រីបុគ្កលិកសមត្ថកិច្ចចម្រុះពាក់ព័ន្ធ ចំនួន ១,០៣៣ នាក់ (រដ្ឋ និងឯកជន) ដែលកំពុងបម្រើការនៅក្នុងអាកាសយានដ្ឋាននេះ។
ចាប់តាំងពីបើកដំណើរការបានជិត ១ឆ្នាំកន្លងមកនេះ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបាន៖
- ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង
- អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១,៣០០,០៤៨នាក់
- ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ហើយរំពឹងថា នឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៤ (ប្រភពALAI)។
ដោយឡែកសម្រាប់រយៈពេល ៩ខែ (មករា-កញ្ញា) ឆ្នាំ២០២៤ ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្អរ (SAI) មាន៖ - ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ម៉ឺនជើង (១០,៩៨៩ ជើង) មានការកើនឡើងប្រមាណ ២៤% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣
- អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៩សែននាក់ (៩៧៤,២០៣ នាក់) មានការកើនឡើងប្រមាណ ៣១% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣
- ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៧៦តោន (៧៦,០០០គីឡូក្រាម) មានការថយចុះប្រមាណ (៤៦%) បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣។
សម្រាប់ផែនការអភិវឌ្ឍន៍ សម្រាប់រយៈពេល៤ឆ្នាំនេះ នឹងចូលរួមចំណែកឆ្លើយតបទៅនឹងបំណងប្រាថ្នានានា របស់រាជរដ្ឋាភិបាល ឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មអាកាសចរណ៍ និងប្រជាពលរដ្ឋ ដូចដែលមានចែងក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។ តាមរយៈកិច្ចសហការក្នុងការអនុវត្តផែនការនេះ ខេត្តសៀមរាបនឹងក្លាយជាគោលដៅទេសចរណ៍ស្នាក់នៅយូរ និងចំណាយច្រើន គ្រប់រដូវកាល ប្រកបដោយគុណភាព ភាពធន់ និរន្តរភាព និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧.៥លាននាក់ និងភ្ញៀវទេសចជាតិ ប្រមាណជាង ១០លាននាក់ ដោយបង្កើតការងារសរុបប្រមាណ ១.៦លាននាក់ ក្នុងនោះការងារដោយផ្ទាល់ ក្នុងវិស័យទេសចរណ៍ប្រមាណ ៩៤ម៉ឺននាក់ និងនាំមកនូវចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥.៩ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣៥៕