អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ស្នើសុំរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តសកម្មភាពសង្គ្រោះសត្វព្រៃបន្ទាន់។ ការដាក់សំណើររបស់អង្គការមួយនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីព្រឹកថ្ងៃពុធ ទី១៩មេសានេះ។
ក្នុងកិច្ចពិភាក្សានោះ លោក ឌិត ទីណា បានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ធ្វើការសហការគ្នាឱ្យបានល្អ កសាងទំនុកជាមួយគ្នា ធ្វើការរួមគ្នាលើការការពារនិងអភិរក្សសត្វព្រៃ ដោយត្រូវមានផែនការច្បាស់លាស់ មានយុទ្ធសាស្ត្រឆ្លើយតបនឹងបញ្ហាជាក់ស្តែង និងស្ថានភាពកាលៈទេសៈភ្លាមៗប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
លោកបានសង្កត់ធ្ងន់ថា «ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់និងទទួលបានការសាទរ គាំទ្រពីមហាជន ហើយប្រសិនបើអ្នកមានឆន្ទៈចង់ចិញ្ចឹមសត្វ គឺចិញ្ចឹមឱ្យស្របច្បាប់ ដោយមិនមានការជួញដូរឡើយ»។
សូមជម្រាបជូនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចាប់តាំងពីឆ្នាំ២០០១ បានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងចំនួន ០៨មកហើយ និងបានចំណាយថវិកាគម្រោងអស់ជាង ៣៤,៥លានដុល្លាលើក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) កម្មវិធីថែទាំសត្វព្រៃ កម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញភាគខាងត្បូង និងគម្រោងអប់រំបរិស្ថានចល័តចាប់តាំងពីឆ្នាំ២០០១ដល់២០១៦៕