ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងថ្វាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០ ០០០ រៀលថ្មី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។
គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសមាសភាព៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្រ បន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព។
ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការ ត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង យ៉ាងអធិកអធម និងមហោឡារឹកជាទីបំផុតតាមព្រះរាជបវេណី រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។
ជាមួយគ្នានេះ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០ រៀល ចំនួន២០លានសន្លឹកផងដែរ ៕
អត្ថបទ៖ ពុទ្ធិកា