រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យសម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។
ជាមួយនឹងការដាក់ឲ្យចរាចរក្រដាសប្រាក់ប្រភេទថ្មីនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ការក្រដាសប្រាក់ប្រភេទ២សែនរៀលនេះ គឺមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុដែលមានក្នុងចរាចរណ៍នៃសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ពោលគឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ឬរហែកដែលបានដកចេញពីការចរាចរតែប៉ុណ្ណោះ។
លោកជំទាវបណ្ឌិត ជា សិរី បានពន្យល់ថា «ក្នុងឱកាសដាក់ចេញនូវធនប័ត្រប្រភេទ២សែនរៀលនៅថ្ងៃនេះ ខ្ញុំសូមជម្រាបថានឹងមិនប៉ះពាល់អ្វីទៅដល់ចំនួនរូបិយវត្ថុដែលមាននៅក្នុងចរាចរណ៍នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងទេ។ មានការព្រួយបារម្ភកន្លងមក នៅពេលដែលធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវប្រភេទធនប័ត្រថ្មី ថាធនាគារជាតិនៃកម្ពុជា ឬក៏រាជរដ្ឋាភិបាលខ្វះលុយ អញ្ចឹងហើយបានជាត្រូវបោះផ្សាយលុយ ដាក់ឲ្យប្រើប្រាស់បន្ថែម ។ ខ្ញុំសូមជម្រាបថា ការដាក់ចេញនូវធនប័ត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ ចាស់ ទក់ រហែក ដែលយើងដកចេញពីចរាចរណ៍»។
លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា កន្លងមកនៅពេលដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញធនប័ត្រ នៅក្នុងចរាចរណ៍ ធនប័ត្រនោះ តែងមានការចាស់ ទក់ រហែក ជារឿងធម្មតា ដោយសារការប្រើប្រាស់ដោយដៃសើម ការប៉ះពាល់ដី ជួនកាលត្រូវក្តៅខ្លាំង ឬអាចរហែក ឬមានសរសេរប៊ិចនៅលើក្រកាសប្រាក់នោះជាដើម។ ដូច្នេះរាល់ពេលធនាគារជាតិនៃកម្ពុជា ប្រមូលក្រដាសប្រាក់ទាំងនេះ ចូលមកវិញ គឺតែងជ្រើសរើសបែងចែកក្រដាសប្រាក់ដែលនៅប្រើបាន ត្រូវដាក់ចូលក្នុងចរាចរវិញ រីឯក្រដាសដែលចាស់ ទក់ រហែក ប្រើមិនបាន ត្រូវយកទៅកាត់ដុតចោល ដោយកំណត់ចំនួនច្បាស់លាស់ហើយជំនួសមកវិញក្រដាសថ្មី ដែលមានទំហំបរិមាណសរុបត្រូវស្មើគ្នា។
ទន្ទឹមគ្នានេះ លោកជំទាវ បានបន្ថែមថា ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញក្រដាសប្រាក់ប្រភេទ២សែនរៀល ចំនួន២០លានសន្លឹក ។
លោកជំទាវ សង្ឃឹមថា នឹងមិនមានការយល់ច្រឡំ ឬការបកស្រាយខុស ចំពោះការដាក់ចេញនូវក្រដាសប្រាក់ប្រភេទថ្មីនេះ ។ លោកជំទាវ ក៏សូមឲ្យសាធារណជន ជួយស្រលាញ់ និងគាំទ្រនូវប្រាក់រៀល ក៏ដូចជាប្រើប្រាស់ក្រដាសប្រាក់រៀល រក្សាគុណតម្លៃរបស់ប្រាក់រៀល ឲ្យបានកាន់តែខ្លាំង ៕
អត្ថបទ៖ ពុទ្ធិកា