សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកបញ្ជូននិស្សិតខ្មែរ ទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ជាបណ្តោះអាសន្ន ក្រោមហេតុផលសា្ថនភាពសង្រ្គាមនៅទីនោះ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំបានបញ្ជាឱ្យផ្អាកការបញ្ជូននិស្សិតស្ម័គ្រចិត្តយើងទៅធ្វើកាមសិក្សាការីនៅអ៊ីស្រាអែល ឱ្យក្រសួងការបរទេស ស្ថាប័នចារកិច្ចរបស់យើង ក្រសួងកសិកម្ម ដែលមានទំនាក់ទំនងតាមជាប់ជាមួយនិស្សិតរបស់យើងដែលបច្ចុប្បន្នមាន២២០នាក់ នៅទីនោះ ហើយរាយការណ៍ឱ្យខ្ញុំជាប្រចាំ»។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្ននេះ មាននិស្សិតខ្មែរចំនួន២២០នាក់ កំពុងសិក្សា និងរស់នៅទីនោះ ហើយនិស្សិតខ្មែរទាំងអស់ កំពុងរស់នៅក្នុងទីតាំងដែលមានសុវត្ថិភាព និងស្ថិតក្រោមការតាមដានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេច ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ត្រៀមផែនជាមួយចំនួន ដើម្បីការពារសុវត្ថិភាពដល់និស្សិតរបស់កម្ពុជា ទៅតាមស្ថានភាពចាំបាច់ នៅក្នុងករណីដែលសភាពការណ៍កាន់តែកើនឡើងកម្លាំងឡើង ជាពិសេសប្រជាពលរដ្ឋ និស្សិតខ្មែរ ដែលកំពុងតែរស់នៅក្នុងតំបន់ក្រហម អាចនឹងឈានឡើងតាមរយៈការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងភាគីផ្សេងៗទៀតជាដើម។
សម្តេចបវរធិបតី ក៏បានបង្ហាញក្តីសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងអាចបញ្ឈប់ការប្រយុទ្ធគ្នា ហើយឈានទៅរកការចរចារកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះកុំឱ្យរីករាល កាន់តែធំនៅក្នុងតំបន់មជ្ឈឹមបូព៌ា៕
អត្ថបទ៖ ពុទ្ធិកា