​​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការចំពោះ​អ្នកបន្លំ​ប្រើ​ប្រាស់​រូបភាពប្រជាពលរដ្ឋ ស្នើសុំ​កាត់ឆ្វៀលដីរដ្ឋយក​ធ្វើកម្មសិ​ទ្ធិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះ​​អ្នកក្លែងបន្លំ ឬប្រើប្រាស់រូបភាពប្រជាពលរដ្ឋ ស្នើសុំកាត់ឆ្វៀលដីរដ្ឋ យកធ្វើកម្មសិទ្ធិ ។ ការព្រមាននេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើង៖ «ម្សិលមិញ ខ្ញុំស៊ីញ៉េឯកភាព២ លុបចោលការសុំកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋ។ អ្នកខ្លះតំណាងឱ្យប្រជាពលរដ្ឋក្រីក្រអត់ដី៣០០គ្រួសារ សុំកាត់ឆ្វៀលដី១០០០ ឬ២០០០ហិកតាយកទៅឱ្យ ប្រជាពលរដ្ឋ។ ខ្ញុំទម្លាក់ឱ្យឯកឧត្តម សាយ សំអាល់ តែអ្នកតំណាងប្រជាពលរដ្ឋនោះ មិនដឹងប្រជាពលរដ្ឋនៅឯណា ហើយស្នើសុំសុទ្ធតែដីក្នុងឧទ្យានជាតិ»។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាលកំពុងរៀបចំយន្តការ រៀបចំនីតិវិធីចុះបញ្ជី វាស់វែងឱ្យបានច្បាស់ ចៀសវាងកន្ទេលធំបន្លំដេក។ ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ យើងបានអនុវត្ត គោលនយោបាយដីសម្បទានសេដ្ឋកិច្ចជាប់ជាប្រចាំ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ​  ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំធ្វើតាមមេខ្យល់ដែលខ្ចីដៃប្រជាពលរដ្ឋស្នើសុំដីរដ្ឋ ហើយទៅទន្ទ្រានដីព្រៃដីរដ្ឋ។ ប្រសិនបើអត់ដីពិតប្រាកដ រាជរដ្ឋាភិបាលមានយន្តការផ្ដល់ដីពិតប្រាកដ។ តាមរយៈយន្តការដែលមានស្រាប់ រាជរដ្ឋាភិបាលនឹងបង្កើតគណៈកម្មធិការជាតិ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។

​គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាល បានប្រកាសដាក់ចេញកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មី មួយបន្ថែមទៀត គឺកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កម្មវិធីនេះមានគោលដៅដោះសា្រយតម្រូវការរបស់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ ក៏ដូចជាការចូលរួមចំណែកទប់ស្កាត់សកម្មភាពកាប់ទន្ទា្រនដីរដ្ឋ និងការកាប់ព្រៃឈើ។

កម្មវិធីនេះរដ្ឋាភិបាលក៏គិតគូរជួយរៀបចំអភិវឌ្ឍន៍នៅនឹងកន្លែងសំដៅលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ហើយត្រលប់មកវិញប្រជាពលរដ្ឋដែលទទួលបានដីនឹងជួយដល់រាជរដ្ឋាភិបាលក្នុងការការពារទប់ស្កាត់សកម្មភាពកាប់ទន្ទា្រនដីរដ្ឋ និងការកាប់ព្រៃឈើនៅជុំវិញកន្លែងពួកគេរស់នៅ៕

អត្ថបទ៖ ពុទ្ធិកា