លោក លាវ វ៉េងហួរ សុំកញ្ញា រឿន ណាត រៀបការនៅមុខអង្គរ ក្នុងថ្ងៃកំណើតនិងសន្យាការពារបេះដូងនាងអស់មួយជីវិត !

បុរសង្ហា លាវ វ៉េងហួរ បានសុំកញ្ញា រឿន ណាត រៀបការជាផ្លូវការហើយនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ នេះ នៅមុខប្រាសាទ អង្គរវត្ត ហើយលោកថែមទាំងសន្យាថា ការពារបេះដូងនាងអស់មួយជីវិត ។

កញ្ញា រឿន ណាត ធ្លាប់ខូចចិត្តរឿងស្នេហាមិនសមបំណងចំនួន ២ លើកមកហើយ ហើយក៏បានធ្វើឱ្យនាងឈឺចាប់និងមិនចង់ចាប់ផ្តើមថ្មីជាមួយបុរសណាម្នាក់ដែរ ប៉ុន្តែ វត្តមានលោក លាវ វ៉េងហួរ បានធ្វើឱ្យនាងចាប់ផ្តើមមានជីវិត និងពន្លឺឡើងវិញ បន្ទាប់ពីទទួលបានអំពើល្អ និង ទង្វើរដែលលោក លាវ វ៉េងហួរ ធ្វើចំពោះនាងក្នុងអំឡុងពេលនាងខូចចិត្ត និង បាក់ទឹកចិត្ត ។

កញ្ញា រឿន ណាត ធ្លាប់បានសារភាពដោយគ្មានការអៀនខ្មាស់ថា នាងជាអ្នកចាប់អារម្មណ៍ និងស្រឡាញ់លោក លាវ វ៉េងហួរ មុន ក្រោយៗមកទើបលោក លាវ វ៉េងហួរ បញ្ចេញកាយសកម្មភាព និង សារភាពស្នេហ៍ចំពោះ រឿន ណាត ជាសាធារណៈថា ស្នេហាលោកនិង រឿន ណាត ជាស្នេហាពិតប្រាកដ និងគិតពីអនាគត មិនមែនជាស្នេហាលេងសើចឡើយ ។

រំលងនៃការសារភាពស្នេហ៍មិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ១២​ ខែ តុលា ឆ្នាំ ២០២៤ នេះ លោក លាវ វ៉េងហួរ បានដឹកដៃកញ្ញា រឿន ណាត ទៅឆ្លងថ្ងៃកំណើតនៅទឹកដីខេត្ត សៀមរាប ព្រមទាំងបាននាំនាងទៅមុខប្រាសាទអង្គរវត្ត ដើម្បីសុំនាងរៀបការតែម្តង ។

លោក លាវ វ៉េងហួរ បាននិយាយថា « ថ្ងៃកំណើតដ៏សែនពិសេស អរគុណអូនដែលបានចូលមកជីវិតបង ដែលបានធ្វើឱ្យជីវិតបងមានសម្រស់ និងមានន័យ បងសន្យាថា បងនឹងការពារបេះដូងអូនអស់មួយជីវិត » ។

ពាក្យសម្តីសន្យារបស់លោក លាវ វ៉េងហួរ ចំពោះកញ្ញា រឿន ណាត កាន់តែធ្វើឱ្យនាងកក់ក្តៅចិត្ត សូម្បីតែអ្នកគាំទ្រ និង មិត្តសិល្បករទាំងក្នុងនិងក្រៅប្រទេស ម្នាក់ៗសុទ្ធបានចូលរួមអបអរសាទរចំពោះគូស្នេហ៍ថ្មីនេះ ។

បើតាមគម្រោងលោក លាវ វ៉េងហួរ និងកញ្ញា រឿន ណាត ត្រៀមនឹងដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែចំពោះពេលវេលាច្បាស់លាស់ អ្នកទាំងពីរសុំលាក់ទុកសិន ដើម្បីទុក Surprise អ្នកគាំទ្រ ប៉ុន្តែសម្រាប់រូបថត Pre Wedding គឺអ្នកទាំងពីរបានថតរួចរាល់អស់ហើយ រងចាំតែថ្ងៃពិសេសមកដល់ប៉ុណ្ណោះ ៕