សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានកត់សម្គាល់ថា ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពុំធ្លាប់ទទួលបាននូវសុខសន្តិភាពណាយូរជាងពេលនេះនោះទេ។ ឆ្នាំនេះជាខួបទី២៦ នៃសន្តិភាពទាំងស្រុងនិងពេញលេញនៅកម្ពុជា ដែលគ្មានការបែងចែកទឹកដី គ្មានការបែងចែកកម្លាំងប្រដាប់អាវុធ ក៏ប៉ុន្តែ មានគណបក្សនយោបាយផ្សេងៗ។ ចាប់តាំងពីឆ្នាំ១៩៩៨មក រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព មានការឯកភាពជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ កងទ័ពតែមួយ ព្រះមហាក្សត្រតែមួយ។
ការលើកឡើងរបស់សម្តេចតេជោ ក្នុងពេលអនុញ្ញាតឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តម SHINOHARA ពីការលះបង់របស់សម្ដេចក្នុងការផ្ទេរអំណាចទៅដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលជាការប្តូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន រយៈពេលយូរអង្វែង។ សម្ដេចតេជោ បន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។
សម្តេចតេជោ និង ឯកឧត្តម SHINOHARA ក៏បានពិភាក្សាគ្នាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅប្រទេសជប៉ុន ហើយបានឯកភាពគ្នាអំពីសង្គតិភាពរបស់គោលនយោបាយការបរទេសជប៉ុនចំពោះកម្ពុជា។ ឯកឧត្តម បានកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់សម្តេចក្នុងការជំរុញសន្តិភាពនៅក្នុងតំបន់និងជុំវិញពិភពលោក៕