អតីតមន្ត្រីការទូតជប៉ុនតាំងពីឆ្នាំ១៩៦៧ ស្ញប់ស្ញែងចំពោះសម្តេចតេជោ និងមើលឃើញនូវការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់កម្ពុជាជាបន្តបន្ទាប់

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

សម្តេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួប ឯកឧត្តម កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា ​ដែលបានធ្លាប់ធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ហើយជាមិត្តភ័ក្តិចាស់មួយរូប។ ឯកឧត្តម SHINOHARA បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម​ចូលជួបសម្តែងការគួរសមនាពេលនេះ ហើយបាន​អបអរសាទរសម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តមមានប្រសាសន៍ថា ជំនួបថ្ងៃនេះ គឺជាឱកាសសម្រាប់ឯកឧត្តម ​ថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងជម្រាបលាទៅកាន់ប្រទេសជប៉ុនវិញ ​ដោយឯកឧត្តមនឹងត្រូវចូលនិវត្តន៍​។

ឯកឧត្តមបានលើកឡើងថា ឯកឧត្តម បានមកបំពេញការងារការទូតចំនួន៤លើកផ្សេងៗគ្នានៅប្រទេសកម្ពុជា ដោយលើកដំបូង នៅឆ្នាំ១៩៦៧ ក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសង្គ្រាមនៅឡើយ បន្ទាប់មក ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១-១៩៩៣ និងនៅឆ្នាំ២០០១ ឯកឧត្តមគឺជាទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងចុងក្រោយ ជាឯកអគ្គរាជទូតរបស់ប្រទេសជប៉ុនប្រចាំកម្ពុជានៅឆ្នាំ២០០៧។ ឯកឧត្តម ក៏បានរំលឹកពីជំនួបលើកទី១ជាមួយសម្តេចនៅប្រទេសបារាំងនៅឆ្នាំ១៩៨៩ និងបានសម្តែងការកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះសម្តេចដែលអាចធ្វើការសម្រេចចិត្តភ្លាមៗ ច្បាស់លាស់ និងត្រឹមត្រូវ។

ប្រមាណ១៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីចប់អាណត្តិបេសកកម្មជាឯកអគ្គរដ្ឋទូតនៅឆ្នាំ២០០៩ ឯកឧត្តម បានក្លាយជាតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។ ​ឯកឧត្តម មានសេចក្តីរីករាយដែលបានបន្តកិច្ចការនៅប្រទេសកម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការស្តារវិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅ កម្ពុជា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ និងតាមរយៈជំនួយរបស់ប្រទេសជប៉ុន។ តាមរយៈវត្តមានរបស់ឯកឧត្តម ជាច្រើនឆ្នាំនៅកម្ពុជា ឯកឧត្តមបានមើលឃើញនូវការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់កម្ពុជា ជាបន្តបន្ទាប់។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ ឯកឧត្តម នឹងរីករាយប្រាប់អំពីប្រទេសកម្ពុជា ដល់ប្រជាជនជប៉ុនដែលចាប់អារម្មណ៍ពីកម្ពុជា។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ​ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានឆ្លងកាត់ និងជាសក្ខីភាពនៃដំណាក់កាលជាច្រើនរបស់កម្ពុជា ហើយ​ ឯកឧត្តម SHINOHARA គឺជាសាក្សីរស់មួយរូបសម្រាប់កម្ពុជា។​ សម្ដេចតេជោ បានរំលឹកពីស្ថានភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០មក និងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមានសភាពខុសគ្នាខ្លាំង ដែលបច្ចុប្បន្ន កម្ពុជា បានដើរចម្ងាយឆ្ងាយជាងមុនច្រើន និងមានការរីកចម្រើន​យ៉ាងខ្លាំងលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ ការកាត់បន្ថយភាពក្រីក្រ ការផ្គត់ផ្គង់ទឹកស្អាត ការកើនឡើងនៃការប្រើប្រាស់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផលិតផលកសិកម្ម ដូចជា ស្រូវ ស្វាយចន្ទី …។ល។

ពាក់ព័ន្ធនឹងវិស័យអប់រំ​ សម្តេចក៏បានណែនាំបន្ថែម ឱ្យបន្តកិច្ចសហការជាមួយក្រសួងអប់រំនិងស្ថាប័ន​នានា ដើម្បីអាចជំរុញគុណភាពអប់រំនៅកម្ពុជាបន្តទៀតឱ្យកាន់តែមានភាពប្រកួតប្រជែង​ ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង៕