ចិនផ្ដល់ជំនួយឥតសំណងចំនួន៣០០លានយ័ន ដល់កម្ពុជា ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ

សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងឱកាសនៃជំនួប ឯកឧត្តម លី​ ឈាង​ នាយករដ្ឋមន្រ្តី​ចិន បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចបវរធិបតី ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។

ឯកឧត្តម នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០ លានយ័នដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។

បន្ថែមលើនេះឯកឧត្តម លើកឡើងថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី​ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ៕

អត្ថបទ៖ ពុទ្ធិកា