ចម្ងាយតិចជាង២០០ម៉ែត្រជុំវិញគ្រឹះស្ថានសិក្សា មិន​អនុញ្ញាត​​​ឱ្យ​​ផ្សាយពាណិជ្ជកម្មផ​លិតផល​​​គ្រឿង​​ស្រវឹងឡើយ

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយផលិត​ផល​គ្រឿងស្រវឹង(ក.គ.ផ.ស) បានប្រកាសដាក់ចេញគោលការណ៍​មិន​អនុញ្ញាត​ឱ្យផ្សាយពាណិជ្ជកម្ម​ផលិត​ផល​​គ្រឿងស្រវឹង​គ្រប់ប្រភេទ តាមគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ​ផ្សព្វ​ផ្សាយ ចម្ងាយតិចជាង ២០០ម៉ែត្រ នៅជុំវិញ​បរិវេណ​ទីតាំងគ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ ប្រវត្តិ​សាស្ត្រ និង អាកាសយានដ្ឋានអន្តរជាតិ។

ការប្រកាសរបស់ឯកឧត្តម ប្រធានក្រុមការងារគ្រប់គ្រង​ការផ្សាយផលិតផលគ្រឿងស្រវឹងបែបនេះ ក្នុងឱកាសអញ្ជើញជាអអិបតីបើកសិក្ខាសាលាផ្សព្វ​ផ្សាយ​ប្រកាសស្តីពីការកំណត់​អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផល​គ្រឿងស្រវឹង និងអនុវត្តគោលការណ៍ឆន្ទៈល្អ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា​ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនប្រមាណ ១ ០០០ នាក់។

ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា គោលការណ៍នេះនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន និង​នៅអឺរ៉ុប ដូចជាប្រទេសអង់គ្លេស ក៏បានអនុវត្តន៍ផងដែរ ដែលមិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មផលិត​ផល​គ្រឿងស្រវឹងគ្រប់ប្រភេទតាមគ្រប់ទម្រង់ និងគ្រប់ មធ្យោបាយផ្សព្វផ្សាយនៅជុំវិញបរិវេណទីតាំង​សំខាន់ៗ។

ឯកឧត្តមប្រធានក្រុមការងារគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹងបានបញ្ជាក់ថា គោល​ការណ៍នេះ មិនមែនទើបបង្កើតថ្មី ដើម្បីដាក់សម្ពាធទៅលើក្រុមហ៊ុនធុរកិច្ចឧស្សាហកម្មគ្រឿងស្រវឹង ឬ អ្នកពាក់ព័ន្ធនោះទេ។ គោលការណ៍មួយចំនួន ក្រសួងព័ត៌មាន បានអនុវត្តន៍តាំងពីឆ្នាំ២០១១ រហូតមក​ដល់បច្ចុប្បន្ន។ ឯកឧត្ដមបានបញ្ជាក់ទៀតថា ចំណែកគោលការណ៍មួយចំនួនទៀត បានដកស្រង់ចេញពី «ក្រមប្រតិបត្តិសម្រាប់​ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ» របស់ក្រុមហ៊ុនស្រាបៀរ HEINEKEN ក្រុមហ៊ុន CAMBREW សមាគមអ្នកនាំចូល និងចែក ចាយស្រាបៀរ WSBIDA និងសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) បានចុះហត្ថលេខាដាក់ឱ្យអនុវត្តកាល ពីថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៤។

សូមជម្រាបជូនថា សម្រាប់ដំណើរការនៃអង្គសិក្ខានាឱកាសនេះ បានបើកឱ្យមានការគ្នារវាងមន្ត្រីស្ថាប័ន​រដ្ឋ ជាមួយតំណាងអ្នកលក់គ្រឿងស្រវឹង និងតំណាងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរក​មធ្យោបាយឈានឆ្ពោះទៅគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹងឱ្យ​បានល្អ និងមានប្រសិទ្ធភាពខ្ពស់ ។ ទន្ទឹមនេះ សិក្ខាលាសាក៏មានការរៀបចំតុមូលដើម្បីពិភាក្សាលើ​ប្រធាន​បទ «ផលប៉ះពាល់ និងការរៀបចំសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង» ប្រធានបទ «ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្សព្វផ្សាយ ផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា» ព្រមទាំងមតិទៅលើ «ការអប់រំណែនាំប្រជាពលរដ្ឋឱ្យ ទទួលទានគ្រឿង​ស្រវឹងប្រ​កបដោយការទទួលខុសត្រូវ»៕