បុគ្គលតាំងងារជាឧត្តមសេនីយ៍ផ្កាយពីរ ដៃស្តាំឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីឆបោក

ជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឆបោក និងក្លែងឯកសារសារធារណៈ នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។

បើតាមសមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យបានអះអាងថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ជាដៃស្តាំឯកឧត្ដម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់១០,០០០ដុល្លារ ហើយជនសង្ស័យបានបង្ហាញរូបថតដែលមានរូបខ្លួន ថតជាមួយលោក ហ៊ុន ម៉ាណែត និងថតជាមួយថ្នាក់ដឹកនាំផ្សេងទៀត ទៅជនរងគ្រោះមើល ទើបធ្វើឲ្យជនរងគ្រោះ មានការជឿទុកចិត្ត ព្រមប្រគល់ប្រាក់ជាដំណាក់កាល ឲ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានមុខរបរត្រឹមតែ ជាអ្នកគួកជេរដី និងជាតៃកុងឡានប៉ុណ្ណោះ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាប់យក អាវុធខ្លីកែច្នៃ ០១ដើម ពុំមានម៉ាក និងឯកសារក្លែង មួយចំនួន ពីជនសង្ស័យផងដែរ។

ជនសង្ស័យ បានទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូល ក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែងឯកសារប្រគល់ឲ្យ ជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះ ទើបតែបាន ៨,០០០ដុល្លារប៉ុណ្ណោះ ក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធី៕