សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមជាមួយប្រមុខថ្នាក់ដឹកបណ្តាប្រទេសសមាជិកអាស៊ាន នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។
បន្ទាប់ពីបានចូលរួមក្នុងពិធីបើកជាផ្លូវការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៤៤ និង៤៥ ផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺប្រព្រឹត្តទៅពីថ្ងៃទី០៩ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ។
កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” នឹងផ្តោតទៅ លើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និង ភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត មានប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ ពុទ្ធិកា