កម្ពុជា-ឡាវ លើកយកវិស័យសក្ដានុពលដាក់លើតុពិភាក្សាគ្នា ដើម្បីពង្រឹង​និ​ងពង្រីកកិ​ច្ចសហ​ប្រតិបត្តិការ

បន្ទាប់ពីចាកចេញពីកម្ពុជា ទៅដល់ប្រទេសឡាវភ្លាម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍។

ក្នុងជំនួបនេះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ​ ដែលរួមមាន៖ វិស័យនយោបាយ វិស័យការពារជាតិ​​ និង​​សន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ​ និង​ ការកសាងហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់ប្រទេសទាំងពីរ។

ប្រមុខរដ្ឋាភិបាលទាំងពីរប្រទេស ក៏បានបង្ហាញក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស​​​ បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” កាលពីឆ្នាំ២០១៩។

ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានស្វាគមន៍ចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍​។​

ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ​ ក៏បានកោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​ ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា​​ នៅលើឆាកតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បាន​អរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ របស់ឯកឧត្តមនាយករដ្ឋមន្ត្រី ចំពោះសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ ហើយសម្តេច បានគូសបញ្ជាក់ថា កម្ពុជា គាំទ្ររបស់ចំពោះប្រទេសឡាវ​ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន ដែលបានធ្វើឡើងកាលពី​នាល្ងាចថ្ងៃទី៨ ខែតុលា មិ្សលមិញ ស្របគ្នាជាមួយនឹងដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកតី៤៤​ និង​​ ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ ពីថ្ងៃទី​៩​​ ដល់ថ្ងៃទី​ ១១​​ ខែតុលា​ ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ ៕

អត្ថបត៖ ពុទ្ធិកា