លោក ជា ធីរិទ្ធ ជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងជុំវិញបញ្ហាកុមារសុំទានតាមដងផ្លូវ ដោយបានចោទសួរទៅក្រសួងសង្គមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ថា តើពេលណាអាចដោះស្រាយបញ្ហានេះបាន? ខណៈដែលក្រសួងបានប្តេជ្ញាដោះស្រាយបញ្ហានេះ ជិត ២០ឆ្នាំហើយ នៅតែធ្វើមិនបាន។
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ លោក ជា ធីរិទ្ធ បានសរសេររៀបរាប់ថា៖ “តើពេលណាក្រសួងសង្គមកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ អាចដោះស្រាយបញ្ហាកុមារសុំទានតាមដងផ្លូវបាន? ព្រោះជិត ២០ ឆ្នាំ ដែលក្រសួងប្តេជ្ញាដោះស្រាយបញ្ហានេះ តែមកដល់បច្ចុប្បន្នគឺនៅតែធ្វើមិនបាន។ ពេលដែលខ្ញុំជិះកាត់ស្តុបម្តងៗនៅភ្នំពេញ ខ្ញុំតែងសង្វេគពេលឃើញទារកនិងកុមារដែលជាវ័យចូលសាលា ត្រូវបានគេប្រើមកឲ្យសុំទានតាមដងផ្លូវ។ វាជាការរំលោភសិទ្ធិកុមារដ៏ធ្ងន់ធ្ងរ ដែលយើងមើលឃើញគ្រប់គ្នារាល់ថ្ងៃ តែយើងធ្មេញភ្នែក ហើយក្រសួងពាក់ព័ន្ធដោះស្រាយមិនចេញ។ ខ្ញុំមិនយល់ថា ហេតុអ្វីបានជាបញ្ហានេះស្ថាប័នពាក់ព័ន្ធដោះស្រាយមិនបាននោះទេ? ខ្ញុំគិតថា វាមិនលំបាកដូចបញ្ហាជួយដូរគ្រឿងញៀនឡើយ។ តើទាល់តែថ្នាក់ដឹកនាំកំពូលស្រែកឬយ៉ាងណា? ខ្ញុំគិតថា ប្រហែលថ្នាក់ដឹកនាំកំពូលលោកមិនបានដឹងទេ ព្រោះនៅពេលដែលមានក្បួនរថយន្តថ្នាក់ដឹកនាំជិះកាត់ គឺអាជ្ញាធរជួយសម្រួលមិនឲ្យឃើញក្មេងសុំទានឡើយ។ បើលោកឃើញ ក៏មានចិត្តអាសូរដូចគ្នាដែរ។ ខ្ញុំទទួលស្គាល់ថា រឿងអ្នកសុំទានប្រទេសណាក៏មានដែរ តែករណីទារកនិងកុមារ ដែលជាវ័យត្រូវទទួលបានការការពារ បែរជាមានគេកេងប្រវ័ញ្ចលើពួកគេឲ្យដើរសុំទានបែបនេះ មិនមានច្រើនឡើងនៅតាមបណ្តាប្រទេសលើពិភពលោកនេះ”។
ការលើកឡើងខាងលើនេះ ក្រោយមានករណីរស្រី្តអ្នកសុំទាន និងកូនតូចៗ២នាក់ត្រូវរថយន្តបុកស្លាប់ពេលដើរឆ្លងផ្លូវ។ ហេតុការណ៍បានកើតឡើងនៅផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិផ្សារកំបូលសង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអង្គារទី៨ ខែតុលានេះ។ តាមប្រភពព័ត៌មាន គ្រួសាររងគ្រោះទើបតែធ្វើដំណើរមកពីស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីដើរសុំទានគេចិញ្ចឹមជីវិត។ លុះដល់ចំណុចកើតហេតុ ស្ត្រីអ្នកសុំទានបានពរកូនស្រីអាយុ៤ឆ្នាំ និងដឹកដៃកូនប្រុសអាយុ៦ឆ្នាំដើរឆ្លងផ្លូវក៏ត្រូវរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនបុកស្លាប់ទាំង៣នាក់តែម្តង៕
អត្ថបទ៖ អក្ខរា