សម្ដេច ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាចូលរួមលើកកម្ពស់ស្មារតីជាតិនិយម

សម្តេ ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាចូលរួមលើកកម្ពស់ស្មារតីជាតិនិយម និងបន្តជ្រោងទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញនិងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។

សម្តេ ម៉ែន សំអន បានបញ្ជាក់ថា មានសន្តិភាពទើបមានការអភិវឌ្ឍប្រកបដោយចីរភាព យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូចមកបំផ្លាញសន្តិភាព។ ការបែកបាក់ជាតិពីអតីតកាលបានផ្ដល់ឱ្យយើងនូវមេរៀនដ៏ឈឺចាប់បំផុត ដែលយើងត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាពដ៏អាក្រក់នេះអាចកើតមានជាថ្មីបានឡើយ។

ការលើកឡើងរបស់សម្តេច ម៉ែន សំអន នាឱកាសអញ្ជើញជាអធិបតី នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល នៅសាលាខេត្ត នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។

សម្តេចបានរំឭកថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្តូរឈ្មោះថា « ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា » ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ធ្នូ ១៩៧៨ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រួលស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមក រវាងបណ្តាប្រទេសជាមិត្ត ហើយជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត។

បើតាមសម្តេច ម៉ែន សំអន រណសិរ្សនេះ គឺជាអង្គការសាមគ្គីភាពប្រជាជនកម្ពុជាដ៏ទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស ដោយមិន ប្រកាន់សាសនា វណ្ណៈ និន្នាការនយោបាយ ប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ ស្រឡាញ់សន្តិភាព ប្រជាធិបតេយ្យ និងសេរីភាព ស្ម័គ្រចិត្តចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឈានទៅសម្រេចការកាត់បន្ថយភាពក្រីក្រ ដើម្បី វិបុលភាព ភាពសុខដុមរមនា និងសុភមង្គលជូនប្រជាជនកម្ពុជា៕