សម្តេចតេជោ ហ៊ុន សែន អះអាងថា រឿងតែងតាំង និងដំឡើងសក្តិមន្ត្រី​ សម្តេចមិនដែលទទួលយកតាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ

“ក្នុងមុខតំណែងជារដ្ឋមន្ត្រី ៦ឆ្នាំជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងសក្តិមន្ត្រីរាប់មុឺននាក់ទាំងសុីវិល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថា តាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញ មន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ”។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ការចេញបញ្ជាក់ពីសម្តេចតេជោនៅថ្ងៃនេះ ដោយសម្តេចបានចេញមកទម្លាយពីករណីលោក លី សាម៉េត ហៅគ្រូមា ដែលបានយកឈ្មោះសម្តេចទៅដើរបោកប្រាស់គេ។ សម្តេចថែមទាំងបានស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តុលាការ មេធាវី និងសមត្ថកិច្ច ចាត់ការជនឆបោករូបនេះតាមផ្លូវច្បាប់។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ បានសរសេររៀបរាប់ថា៖

ដោយរឿងច្រើនពេកថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។

ឆ្នាំ២០២២លី សាម៉េតបោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខាទើបខ្ញុំដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យសុខ ឡេង វិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។

មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅលី សាម៉េតឲ្យសងលុយទៅមួង ឃីមចំនួន ២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។ ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក
កន សុខកាយអភិបាលក្រុងអរីយក្សត្រថាលី សាម៉េតបានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។

ក្នុងមុខតំណែងជារដ្ឋមន្ត្រី ៦ឆ្នាំជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងសក្តិមន្ត្រីរាប់មុឺននាក់ទាំងសុីវិលនិងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញ មន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។ ករណីលី សាម៉េត អាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។

ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំសូមស្នើ៖១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។២.អ្នកចាញ់បោកលី សាម៉េតទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។ ៣.ឯកឧត្តមគីតិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕