នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយរឿងឆបោកលុយរបស់បុគ្គល លី សាម៉េត (ហៅគ្រូមា) ដែលតែងប្រើឈ្មោះសម្តេច ដើរបោកប្រាស់គេរហូត ថាយកលុយដែលបោកប្រាស់បាន គឺយកមកជូនសម្តេចទៀតផង ដោយប្រាប់គេថាខ្លួនចេញចូលផ្ទះសម្តេច ក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះសម្តេចបែមុខទៅខាងណាផង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារ ថាយកមកឲ្យសម្តេចតែពេលសុខ ឡេង ផ្តាំឲ្យសួរសម្តេច តាមកូនចិញ្ចឹមសម្តេច ឈ្មោះទ្រី សុខា ទើបសម្តេចដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ដោយពេលនោះ យក លី សាម៉េត ទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន២៣ម៉ឺនដុល្លារ ក្រោយមួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអម ដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។ ថ្ងៃនេះខ្ញុំទទួលវីដេអូពី លោក កន សុខកាយ អភិបាលក្រុងអរិយក្សត្រថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ គឺសម្តេចធ្លាប់ចុះហត្ថលេខាតែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់ម៉ឺននាក់ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ សម្តេចមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយ ទទួលបានការជួយពីសម្តេចថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។
ចំពោះ ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះសម្តេចទៅប្រើ។ ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀប ពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង សម្តេចតេជោ បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីការការពារទ្រព្យសម្បត្តិ លី សាម៉េតដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត។ អ្នកចាញ់បោក លី សាម៉េត ទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។
ជាមួយគ្នានេះ ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។ និងស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលលី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕
អត្ថបទ៖ ពុទ្ធិកា