អមជាមួយរូបភាពកម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ”ជាច្រើនសន្លឹកនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុក កម្មវិធីនេះ បានដើរតួជាវេទិកាមួយបន្ថែមទៀត សម្រាប់ញាតិមិត្តបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន បានឈ្វេងយល់ និងចូលរួមវេចនំអន្សម និងនំខ្មែរផ្សេងៗទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កម្មវិធីនេះ មិនត្រឹមតែជាការបង្កើនបរិយាយកាសនៃការជួបជុំប្រកបដោយ ស្នាមញញឹម មោទនភាព និង ក្ដីស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាវេទិកាសម្រាប់ចូលរួមបន្តថែរក្សាកេរដំណែលពីដូនតារបស់យើងតាមរយៈការស្វែងយល់ ប្រតិបត្តិ អភិរក្ស និងអភិវឌ្ឍ។
តាមវចនានុក្រមរបស់សម្តេចសង្ឃរាជ្យ ជួន ណាត បានឱ្យយដឹងថា «អន្សម» គឺជាឈ្មោះនំធ្វើ ដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក ជាអន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នូល។ អន្សមជ្រូក គឺដាក់សាច់ជ្រូកជាស្នូល។
នំអន្សមនេះ មានវត្តមាននៅក្នុងសង្គមខ្មែរ តាំងពីបុរាណសម័យមកហើយ។នំនេះគេឃើញមាននៅក្នុង ពិធីបុណ្យទានរបស់ខ្មែរនានា ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំ ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌ៕
អត្ថបទ៖ ពុទ្ធិកា