ស្របគ្នានឹងប្រជាជាតិមួយចំនួនទៀតនៅក្នុងទ្វីបអាស៊ី ប្រជាជាតិខ្មែរប្រារព្ឋពិធីបុណ្យចូលឆ្នាំថ្មីនៅពាក់កណ្តាលខែមេសា។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យចូលឆ្នាំធ្វើឡើងចំនួនបីឬបួនថ្ងៃតាមការកំណត់របស់ក្រុមអ្នកស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រ និងប្រពៃណី ទំនៀមទំលាប់ខ្មែរនៃក្រសួងធម្មការនិងសាសនា។
ឯកឧត្តម អ៊ឹម បុរិន្ទ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនិងជាអ្នកហោរាសាស្ត្រ មានប្រសាសន៍ថាកាលបរិច្ឆេទនៃការធ្វើបុណ្យចូលឆ្នាំថ្មីមាន២តំណាក់កាលគឺនៅមុនសម័យអង្គរ ប្រជាជាតិខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំនៅក្នុងខែមិគសិរតាមប្រតិទិនចន្ទគតិ“ដំណើរព្រះច័ន្ទ” ដោយហេតុថាចន្ទគតិមានទំនាក់ទំនងទៅនឹងពុទ្ធសាសនា។ កាលបរិច្ឆេទចូលឆ្នាំតាមចន្ទគតិទៀតសោតមិនបានទៀងទាត់ជាថ្ងៃណាមួយពិតប្រាកដទេ ជួនកាលចំវេលាខ្នើត ជួនកាលចំរនោច។ ឯកឧត្តម អ៊ឹម បុរិន្ទ មានប្រសាសន៍ថាកាលបរិច្ឆេទប្រារព្ធពិធីបុណ្យចូលឆ្នាំនេះបានត្រូវបានផ្លាស់ប្តូរពីខែមិគសិរមកខែចែត្រតាមប្រតិទិនសុរិយគតិ “ដំណើរព្រះអាទិត្យ” វិញចាប់ពីសម័យអង្គរឫមុនសម័យអង្គរបន្តិចនៅក្នុងរជ្ជកាលស្តេច បុទុមសូរិយៈវង្ស។ កាលបរិច្ឆេទនេះបានបន្តមករហូតដល់ពេលបច្ចុប្បន្ន។
ឯកឧត្តម អ៊ឹម បុរិន្ទមាន ប្រសាសន៍ថាពិធីបញ្ចប់ឆ្នាំចាស់ចូលឆ្នាំថ្មីនេះមានជាប់ទាក់ទងនឹងរឿង
ព្រេងនិទានមួយដែលតំណាលអំពីកបិលមហាព្រហ្មភ្នាល់គ្នាជាមួយធម្មបាលកុមារ។ គឺជារឿងព្រេងដ៏ជក់ចិត្តមួយដែលផ្សាភ្ជាប់ប្រពៃណីទំនៀមទម្លាប់នៃការរៀបចំពិធីផ្លាស់ប្តូរទេវតាទៅតាមដំណើរនៃរឿងព្រេងនោះផងដែរ។
រឿងនោះមានដើមសេចក្ដីជាអាទិ៍ថា កបិលមហាព្រហ្មបានចោទប្រស្នាបីខដល់ធម្មបាលកុមារជាកូនសេដ្ឋីដែលបានរៀនចប់នូវត្រៃវេទ និងចេះស្តាប់ភាសាសត្វបក្សាបក្សីផងទាំងពួង ហើយបាននិយាយថា បើធម្មបាលកុមារដោះស្រាយប្រស្នាមិនរួចទេនឹងកាត់ក្បាលធម្មបាលកុមារ។ ផ្ទុយទៅវិញបើឆ្លើយប្រស្នានោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនឯងវិញ។ ធម្មបាលកុមារទាល់ប្រាជ្ញា គិតរកចំលើយមិនឃើញ តែទីបំផុតបាន ស្តាប់ឮសត្វឥន្ទ្រីយ៍ញី ឈ្មោល សន្ទនាគ្នានៅលើដើមត្នោតអំពីប្រស្នានោះ ទើបបានយល់។ ដល់ថ្ងៃកំណត់ ធម្មបាលកុមារឆ្លើយប្រាប់កបិលមហាព្រហ្មថា ខទីមួយ វេលាព្រឹក សិរីសួស្តីស្ថិតលើមុខ ទើប មនុស្សត្រូវយកទឹកមកលុបមុខ។ ខទីពីរ វេលាថ្ងៃត្រង់ សិរីសួស្តីស្ថិតនៅលើទ្រូង ទើបមនុស្សត្រូវយកទឹកមកលាងទ្រូង។ ខទីបី សិរីសួស្តីស្ថិតនៅជើង ទើបមនុស្សត្រូវយកទឹកមកលាងជើង។
ព្រះភិក្ខុពុទ្ឋង្កុរ វ៉ង់ សុភស្ត គង់វត្តឧណ្ណាលោមនិងជាសាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានថេរៈដិកាថាសិរីបីប្រការនេះមានខ្លឹមសារនិងអត្ថន័យស៊ីជម្រៅក្នុងការប្រព្រឹត្តិរបស់មនុស្សប្រចាំថ្ងៃគឺថាពេលព្រឹកសិរីសួស្តីនៅនឹងមុខបើតាមទស្សនវិជ្ជាព្រះពុទ្ធសាសនា មុខតំណាងអោយការពោល ស្រដី ចរចាគ្នា ត្រូបប្រកបដោយសុចរឹត៤គឺទី១ កុំស្តីភូតភរ បោកប្រាស់គ្នា ទី២ កុំនិយាយដើមគេ ទី៣ កុំជេរបញ្ចោរ សំឡុត គម្រាមកំហែងគេ និងទី៤ កុំនិយាយពាក្យអត់ប្រយោជន៍នាំខាតបង់ការងារ។
ព្រះភិក្ខុពុទ្ឋង្កុរ វ៉ង់ សុភស្ត មានថេរៈដិកាថាពេលថ្ងៃសិរីសួស្តីនៅនឹងទ្រូងគឺថាក្នុងទ្រូងមានបេះដូង មានចិត្ត ហើយពេលថ្ងៃត្រូវយកទឹកមកលាបទ្រូងគឺដើម្បីអោយចិត្តត្រជាក់ មិនគិតពីការចង់បាន លួច ប្លន់ និងកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់អ្នកដទៃ កុំគិតព្យាបាទ បៀតបៀន និងចងគំនុំអ្នកដទៃ ប្រាជ្ញាយល់ឃើញដូចជាធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប មាតាបិតាជាអ្នកមានគុណជាដើម។
ទឹកតំណាងមេត្តាធម៌ដែលធ្វើអោយចិត្តយើងត្រជាក់។ រីឯពេលយប់ត្រូវយកទឹកមកលាងជើងគឺជាការអោយប្រព្រឹត្តនូវកាយសុចរឹត៣គឺទី១ កុំកាប់សម្លាប់ជីវិតមនុស្ស សត្វ ទី២ កុំលួច ប្លន់ទ្រព្យសម្បត្តិរបស់គេ ទី៣ កុំលួចខុសជាមួយប្រពន្ធកូនរបស់គេ។
ដោយចាញ់ធម្មបាលកុមារក្នុងការស្រាយប្រស្នានិងដោយគោរពតាមពាក្យសន្យា កបិលមហាព្រហ្មក៏កាត់ក្បាលខ្លួនឯង បូជាធម្មបាលកុមារ ហើយអោយទេពធីតាដែលជាបុត្រីទាំងប្រាំពីរនាក់យកពានមកទទួលក្បាលនិងអោយកូនច្បងហែរតាមយាន្តជាសត្វពាហនៈផ្សេងៗគ្នាប្រទក្សិណភ្នំព្រះសុមេរុរយៈពេល៦០នាទីទើបយកទៅទុកនៅក្នុងគុហាកែវធម្មមាលីនាទីភ្នំកៃឡាស់។
ព្រះភិក្ខុពុទ្ឋង្កុ វ៉ង់ សុភស្ត មានថេរៈដិកាថាព្រះសិរសារកបិលមហាព្រហ្មមានមុខបួនដែលតំណាងអោយព្រហ្មវិហារធម៌ទាំង៤៖ មេត្តាមានន័យថាសេចក្តីស្រឡាញ់ ករុណាមានន័យថាសេចក្តីអាណិតអាសូរ មុទិតាមានន័យថាសេចក្តីរីករាយត្រេកអរ និងឧបេក្ខាមានន័យថាសេចក្តីតាំងចិត្តជាកណ្តាល។ ព្រះភិក្ខុមានថេរៈដិកាថាមនុស្សគ្រប់ៗរូបនៅលើភពផែនដីត្រូវប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤នេះដោយខានមិនបាន។ យ៉ាងណាម៉ិញ ព្រះសិរសាររបស់កបិលមហាព្រហ្មដែលតំណាងអោយព្រហ្មវិហារធម៌ទាំង៤នោះនឹងមិនអាចបោះចោលលើដី ក្នុងទឹក ឬលើអាកាសបានទេព្រោះថាបើតាមន័យត្រង់ ប្រសិនបើបោះព្រះសិរសារនោះទៅអាកាសនឹងឆេះឋានទេវតា បោះទៅលើសមុទ្រនឹងរីងខះទឹកសមុទ្រហើយបោះមកផែនដីនឹងឆេះភពផែនដី។
ព្រះភិក្ខុពុទ្ឋង្កុរ វ៉ង់ សុភស្ត មានថេរៈដិកាចំពោះន័យប្រៀបធៀបវិញគឺថាមនុស្សលោកទាំងអស់គ្នាបានសុខសព្វថ្ងៃក៏ដោយសារព្រហ្មវិហារធម៌ទាំង៤។ កាលណាមនុស្សបាត់បង់ព្រហ្មវិហារធម៌ទាំង៤នេះ ពួកគេនឹងកើតជម្លោះ អំពើហឹង្សា ការទាស់ទែង សង្គ្រាម កាប់សំលាប់បង្ហូរឈាមគ្នា ដែលប្រៀបដូចជាភ្លើងឆេះផែនដី ដូចជាទឹកសមុទ្ររីង ដូចជារាំងភ្លៀង ក្តៅក្រហល់ក្រហាយ វិនាសអស់ពិភពលោកជាដើម។ ការតម្កល់ព្រហ្មវិហារធម៌ទាំង៤នេះក្នុងចិត្តត្រូវតែធ្វើឡើងរាល់ដង្ហើមចេញចូល។ នៅពេលដែលមនុស្សគ្មានព្រហ្មវិហារធម៌ទាំង៤នេះទេនោះគឺគ្មានសេចក្តីសុខគ្រប់គ្រាន់ទោះជាជាតិសាសន៍ណា ទោះប្រកាន់ជំនឿសាសនាណាក៏ដោយ។
រួមសេចក្តីមក បុព្វបុរសខ្មែររៀបចំពិធីបុណ្យចូលឆ្នាំនេះឡើងដោយផ្អែកលើគោលការណ៍នៃព្រហ្មវិហារធម៌ទាំង៤។ នៅក្នុងរយៈ៣ថ្ងៃនៃពិធីបុណ្យនេះប្រជាពលរដ្ឋខ្មែរគ្រប់វ័យមានឱកាសជួបជុំគ្នា សំដែងចេញនូវទឹកចិត្តជ្រះថ្លា កត្តញ្ញូកត្តវេទី ចំពោះឪពុកម្តាយ ជីដូនជីតា បងប្អូន សំដែងការនឹករលឹកគ្នាក្រោយ
រយៈពេលពេញ៣៦៥ថ្ងៃក្នុងការបំពេញការងាររៀងៗខ្លួននៅតាមទីជិតឆ្ងាយ។ ពួកគេមានឱកាសធ្វើបុណ្យរួមគ្នានៅតាមទីអារាម លេងល្បែងប្រជាប្រិយជាមួយគ្នា និងអ្វីៗផ្សេងទៀតដើម្បីអោយចំណងសាមគ្គីភាពគ្នានិងគ្នាកាន់តែស្និទ្ឋស្នាលឡើងថែមទៀត។ «មិនមែនតែនៅតាមទីវត្តអារាមទេ ប៉ុន្តែត្រូវតែចែករំលែកគ្នាជាម្ហូបអាហារ សំលៀកបំពាក់ ថវិកាទៅតាមលទ្ធភាពជាមួយប្រជាពលរដ្ឋទូទៅដែលពួកគេជាអ្នកខ្សត់ខ្សោយ កម្សត់ ទុរគត ចាស់ជរា ជនពិការ ក្មេងកំព្រា។ នេះជាប្រពៃណីដ៏ល្អផូរផង់និងសំបូរបែបរបស់ប្រជាជាតិខ្មែរដែលត្រូវបានរក្សានិងបន្សល់ទុកដោយដូនតាខ្មែរតាំងពីរាប់ពាន់ឆ្នាំមកហើយដោយមិនចាំបាច់ទទួលយកប្រពៃណីបរទេសមកបន្ថែមទៀតនោះទេ» នេះជាថេរៈដិការបស់ព្រះភិក្ខុពុទ្ឋង្កុរ វ៉ង់ សុភស្ត។
ពិធីទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ឋសករាជ២៥៦៧នេះគឺប្រព្រឹត្តទៅនៅថ្ងៃ៩ ១០ និង១១រោច ខែចែត្រត្រូវនឹងថ្ងៃសុក្រទី១៤ វេលាម៉ោង១៦និង០០នាទី ថ្ងៃសៅរ៍ទី១៥ និងថ្ងៃអាទិត្យទី១៦ ខែមេសា គ្រឹស្តសករាជ២០២៣ ។ ទេវតាឆ្នាំថ្មីនេះព្រះនាម ព្រះនាងកិមិរាទេវី ជាបុត្រីទី៦នៃកបិលមហាព្រហ្ម។ ទេវតាឆ្នាំថ្មីមានយានជំនិះជាសត្វក្របីនិងសោយចេកណាំវ៉ា។
សូមប្រជាពលរដ្ឋខ្មែរគ្រប់ក្រុមគ្រួសារ ទទួលបាននូវពរជ័យ សិរីសួស្ដី ក្នុងឱកាសឆ្នាំថ្មីនេះ និងឆ្នាំខាងមុខៗទៀតរហូតជាដរាបរៀងទៅ៕ សួស្តី ឆ្នាំថ្មី!