សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យជាក់ស្ដែងនិងសំណេះសំណាល ជាមួយពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ

 
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ទិដ្ឋភាពជាក់ស្ដែង និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលកំពុងរង់ចាំជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត នៅទីតាំងចំណតសួនច្បារឬស្សីកែវ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

គួរបញ្ជាក់ថា ប្រតិបត្តិការដឹកជញ្ជូន​​ប្រជាពលរដ្ឋទៅស្រុកកំណើតនេះ គឺធ្វើឡើងរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ដោយចេញដំណើរ គឺចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក។

សម្រាប់ទីតាំងចេញដំណើរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ៦ទីតាំង រួមមាន ស្ថានីយរថយន្តក្រុងវាលស្បូវ, សា្ថនីយរថយន្តក្រុងចាក់អង្រែលើ,សា្ថនីយរថយន្តក្រុងផ្លូវ២០០៤,ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ,ដីឡូត៍តំបន់OCIC ជ្រោយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលកាំភ្លើងគួចកាណុង។

ការផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃនេះ គឺដើម្បីជួយស​ម្រួល​ដល់ការចំណាយជូនកម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ។

ក្នុងឳកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញ រថយន្តក្រុងចំនួន ៦៥៣គ្រឿង ដើម្បីសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដឹកពលរដ្ឋទៅស្រុកកំណើតតាមបណ្តាខេត្តនានា ក្នុងឳកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងចំណោមរថយន្តក្រុងចំនួនជាង៦០០គ្រឿងនេះ គឺសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញចំនួន ១០០គ្រឿង ,សម្រាប់សេវាដឹកជញ្ជូនប្រជាពល រដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញចំនួន ៤៩៧គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី ចំនួន ៥៦គ្រឿង៕

អត្ថបទ៖ ពុទ្ធិកា