មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួសជុល ថែទាំប្រចាំកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលវេញ) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅរដូវភ្លៀងជាពិសេសនៅរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រវែង២០,៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីធានាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដោយល្បឿនមធ្យម ទម្រាំកំណាត់ផ្លូវនេះឈានដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សុំការយោគយល់អធ្យាស្រ័យ ពីប្រជាពលរដ្ឋធ្វើដំណើរ ក្នុងករណីមានការរំខានក្នុងអំឡុងពេលជួសជុល ថែទាំប្រចាំនេះ៕