ពលរដ្ឋចេញដំណើរទៅកាន់ស្រុកកំណើត ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ តាម​រថយន្តក្រុងឥតគិតថ្លៃ របស់រាជរដ្ឋាភិបាល

រថយន្តក្រុងជិះដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល បានចាប់ផ្តើមដំណើរការដឹកពលរដ្ឋពីភ្នំពេញ ទៅស្រុកកំណើតតាមបណ្តាខេត្តនានាហើយ នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងឯកឧត្តម ឃួង ស្រេង អភិបា​លរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត នៅស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ។

ឯកឧត្តម ឃួង ស្រេង អភិបា​លរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការដឹកជញ្ជូន​​ប្រជាពលរដ្ឋទៅស្រុកកំណើតនេះ គឺធ្វើឡើងរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ដោយចេញដំណើរ គឺចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក។

សម្រាប់ទីតាំងចេញដំណើរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ៦ទីតាំង រួមមាន ស្ថានីយរថយន្តក្រុងវាលស្បូវ, សា្ថនីយរថយន្តក្រុងចាក់អង្រែលើ,សា្ថនីយរថយន្តក្រុងផ្លូវ២០០៤,ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ,ដីឡូត៍តំបន់OCIC ជ្រោយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលកាំភ្លើងគួចកាណុង។

ឯកឧត្តម ឃួង ស្រេង បន្តថា​ ការផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃនេះ គឺដើម្បីជួយស​ម្រួល​ដល់ការចំណាយជូនកម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ។

គួរបញ្ជាក់ថា ក្នុងឳកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញ រថយន្តក្រុងចំនួន ៦៥៣គ្រឿង ដើម្បីសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដឹកពលរដ្ឋទៅស្រុកកំណើតតាមបណ្តាខេត្តនានា ក្នុងឳកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងចំណោមរថយន្តក្រុងចំនួនជាង៦០០គ្រឿងនេះ គឺសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញចំនួន ១០០គ្រឿង ,សម្រាប់សេវាដឹកជញ្ជូនប្រជាពល រដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញចំនួន ៤៩៧គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី ចំនួន ៥៦គ្រឿង ។

អត្ថបទ៖ពុទ្ធិកា