លោកជំទាវ ពេជ ចន្ទមុន្នី ឆ្មក់ចូលទៅសំងំទស្សនាការសម្តែងរបាំបុរាណរឿងព្រះបាទជ័យវរ្ម័នទី៧ និងពោលសរសើរថា «ល្អឥតខ្ចោះ»

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពោលសរសើរចំពោះឈុតឆាកសម្តែងរឿងព្រះបាទជ័យវរ្ម័នទី៧ ល្អឥតខ្ចោះ បន្ទាប់ពីលោកជំទាវបានឆ្មក់ចូលទៅទស្សនាការសម្តែងដោយផ្ទាល់។

តាមរយៈបណ្តាញសង្គមផ្លូវការ លោកជំទាវបានលើកឡើងថា៖ “ក្រោយពីបាន share នូវការសម្តែងរបាំបុរាណរឿងជ័យវរ្ម័នទី៧ នាងខ្ញុំនៅតែមិនអស់ចិត្តក៏ឆ្មក់ចូលទៅសំងំទស្សនាដោយផ្ទាល់ដើម្បីចង់ដឹងពីខ្លឹមសារសាច់រឿង ពិេសសចង់ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ២០២៤ វេលាម៉ោង៣រសៀលនេះ។

នាងខ្ញុំពិតជារីករាយនឹងរំភើបចំពោះឈុតឆាកសម្តែង រួមផ្សំនឹងដេគ័រ ពន្លឺ បច្ចេកទេសគ្រប់យ៉ាងល្អឥតខ្ចោះ ដែលញ៊ាំងឲ្យការសម្តែងកាន់តែមានសោភណ្ឌភាពអស្ចារ្យ ពិសេសខ្លឹមសារដ៏ជ្រាលជ្រភនៃប្រវត្តិសាស្ត្រយើងដែលបង្ហាញនូវវីរភាពនៃអង្គក្សត្រាគ្រប់គ្រងដែនចក្រភពខ្មែរយើងនាសម័យមហារនគរដ៏រុងរឿង”។

ទន្ទឺមនេះ លោកជំទាវបានអំពាវនាដល់បងប្អូន ពូមីងយាយតា អញ្ជើញចូលរួមទស្សនាដោយផ្ទាល់ឲ្យបានច្រើនកុះករ នៅមានការសម្តែងថ្ងៃទី២៩ កញ្ញា មួយថ្ងៃទៀត។ ទន្ទឹមនេះលោកជំទាវក៏អរគុណសិល្បករ ពិសេសអ្នករៀបចំកម្មវិធី និងក្រុមការងារទាំងអស់ ក្នុងបុព្វហេតុសិល្បៈវប្បធម៌យើង។

សូមជម្រាថា ព្រឹត្តិការណ៍មហោស្រពបុរាណខ្មែររឿង « ព្រះបាទជ័យវរ័្មនទី៧ » នៅថ្ងៃទី ២៨ និង ២៩ ខែ កញ្ញា នេះ នៅមហោស្រពកោះពេជ្រ ដែលមានឈុតឆាកសម្តែងជាច្រើនរយៈ ១ ម៉ោងកន្លេះ ៕

អត្ថបទ៖​អក្ខរា