ភាគីចិនសន្យាថា នឹងសហការគាំទ្រជួយកម្ពុជាឱ្យសម្រេចគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០

ភាគីចិនបានសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពនិងការរីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនពី សម្តេចតេជោ ហ៊ុន សែន ឈានទៅ សម្រេចបានចក្ខុវិស័យរបស់ខ្លួន ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ភាគីចិនសន្យាថានឹងសហការគាំទ្រកម្ពុជាដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅនេះ។

ការសន្យារបស់ភាគីចិននេះ បានឲ្យដឹងក្នុងលទ្ធផលដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេច ឃួន សុដារី រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង និងទីក្រុងសៀងហៃ។

អំឡុងពេលដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង សម្ដេចរដ្ឋសភាធិបតី បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huring) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន។ ចំណែកនៅទីក្រុងសៀងហ សម្តេចរដ្ឋសភាធិបតី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជី នឹង (Chen Jining) លេខាធិការ នៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ និងបានសំណេះសំណាលជាមួយ លោកជំទាវ ហ័ង លីស៊ីន (Huang Lixin) ប្រធានសភាតំណាងប្រជាជនចិនទីក្រុងសៀងហៃ។

នៅគ្រប់ជំនួបពិភាក្សាការងារ សម្តេចរដ្ឋសភាធិបតី និងភាគីចិន បានអបអរសាទរចំណងមិត្តភាពជា ប្រពៃណីនៃប្រទេសទាំងពីរដែលត្រូវបានពូនជ្រំឡើងដោយ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងអតីតប្រមុខដឹកនាំជំនាន់មុនរបស់ភាគីចិន រួមមាន ឯកឧត្តម ម៉ៅ សេទុង (Mao Zedong) និងឯកឧត្តម ជូ អេនឡាយ (Zhou Enlai)។ ទំនាក់ទំនងមិត្តភាពជាប្រពៃណីនេះត្រូវបានបន្តលើកកម្ពស់ និង លូតលាស់ឈានឡើងជាលំដាប់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយ រួមមាន ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) ឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត ជាមិត្តភាពដែកថែប និង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដោយមានកុងសង់ស៊ីស ក្នុងការអនុវត្តឈានទៅសម្រេចបានលទ្ធផល ជាក់ស្តែងជូនប្រជាជាតិទាំងសងខាង។

ភាគីចិនបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អជាប្រវត្តិសាស្ត្រ មិត្តភាពប្រពៃណី មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានចាក់ឫសយ៉ាងរឹងមាំនិងមានភាពធន់ ទោះបីជាមាន ការប្រែប្រួលក្នុងតំបន់ នឹងអន្តរជាតិយ៉ាងណាក៏ដោយ ផ្អែកលើគោលការណ៍គោរពគ្នា ជឿទុកចិត្តគ្នា សមភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។

សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា ការជួយគាំទ្ររបស់ភាគីចិន គឺបានឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ ជាក់ស្តែងរបស់កម្ពុជា ស្របតាមបរិបទនិងលក្ខខណ្ឌរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាឈរដោយ ខ្លួនឯង។ ការគាំទ្ររបស់មិត្តចិន មិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានពង្រឹងឯករាជ្យនយោបាយ និងអធិបតេយ្យរបស់កម្ពុជា
ផងដែរ។

សូមជម្រាបថា បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពរយៈពេល៥ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន នៅរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុខសុវត្ថិភាព និងទទួលបានលទ្ធផលគួរជាទីមោទនៈ ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ៕